ទាហានអ៊ុយក្រែនជាង៣ម៉ឺននាក់បានស្លាប់ ក្នុងសង្គ្រាមជាមួយរុស្ស៊ី
ប្រធានាធិបតី Volodymyr Zelensky ឲ្យដឹងថា ទាហានអ៊ុយក្រែន ៣១.០០០ នាក់ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី រយៈពេល២ឆ្នាំមកនេះ។
លោក Zelensky បាននិយាយបែបនេះក្នុងសន្និសិទកាសែត នៅឯទីក្រុង Kyiv កាលពីថ្ងៃអាទិត្យ ដើម្បីឧទ្ទិសដល់ខួបលើកទី ២ នៃការឈ្លានពានរបស់រុស្ស៊ី ស្របពេលដែលអ៊ុយក្រែនចុះខ្សោយ ដោយសារការខ្វះខាតអាវុធធ្វើសង្គ្រាម និងការជាប់គាំងជំនួយយោធា ពីអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រាប់ដែរថា ជ័យជំនះរបស់អ៊ុយក្រែន គឺអាស្រ័យលើ ការគាំទ្រពីលោកខាងលិច ហើយលោកបញ្ជាក់ថា លោកមានជំនឿខ្លាំងថា សហរដ្ឋអាមេរិកនឹងអនុម័តកញ្ចប់ជំនួយយោធា ដ៏សំខាន់មួយ សម្រាប់អ៊ុក្រែន។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ បារាំងបានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់វេទិកាសំខាន់មួយ ក្នុងការជំរុញឲ្យបណ្តាប្រទេសក្នុងប្លុកអឺរ៉ុប បន្តគាំទ្រអ៊ុយក្រែន ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឈានចូលដល់ឆ្នាំទី៣។ ប្រមុខកាទូតអាមេរិក កាណាដា អង់គ្លេស ក៏មានវត្តមាន ប៉ុន្តែ មិនតំណាងមកពីចិន និងឥណ្ឌាទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត