ប្រជាជនប៉ាឡេស្ទីនដណ្តើមអាហារ ចំពេលមានទុរ្ភិក្ស នៅហ្គាហ្សា

ហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នា ដណ្តើមជំនួយស្បៀងអាហារ នៅក្នុងទីក្រុង Gaza ចំពេលមានទុរ្ភិក្ស។

កាលពីថ្ងៃអាទិត្យ គេឃើញប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បានរត់គេចចេញពីរថក្រោះរបស់អ៊ីស្រាអែល ដែលជិតមកដល់ ខណៈដែលពួកគេរង់ចាំទទួលជំនួយស្បៀងអាហារ នៅភាគខាងលិច ទីក្រុងហ្គាហ្សា។

ស្ត្រីម្នាក់ រស់នៅហ្គាហ្សា បាននិយាយថា «ខ្ញុំប្រថុយជីវិតរបស់ខ្ញុំ ហើយនៅតែមិនទទួលបានជំនួយស្បៀងអាហារ ខ្ញុំត្រលប់មកវិញ ដោយដៃទទេ» ។

អង្គការសហប្រជាជាតិបានព្រមានអំពីគ្រោះទុរ្ភិក្ស ដែលកំពុងគំរាមកំហែងដល់មនុស្សគ្រប់គ្នា ក្នុងតំបន់ហ្គាហ្សា ខណៈដែលកម្មវិធីស្បៀងអាហារពិភពលោកបានពណ៌នាថ្មីៗនេះថា «វាគឺជាកម្រិតនៃភាពអស់សង្ឃឹម ដែលមិនធ្លាប់មានពីមុនមក»។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA បាននិយាយថា គ្រោះទុរភិក្សនៅតំបន់ហ្គាហ្សាស្ទ្រីបអាចបញ្ចៀសបាន លុះត្រាតែជំនួយដ៏សំខាន់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទឹកដី ដែលត្រូវបានឡោមព័ទ្ធនេះ។

គួរបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់បានឈានដល់រយៈពេលជាង៤ខែមកហើយ ដោយផ្តើមចេញពីពួកហាម៉ាស់-ប៉ាឡេស្ទីន ឆ្មក់វាយប្រហារអ៊ីស្រាអែល ស្លាប់មនុស្សជាង១ពាន់នាក់ កាលពីខែតុលា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃអាទិត្យនេះ មនុស្សស្លាប់នៅហ្គាហ្សា កើនដល់ជិត៣ម៉ឺននាក់ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner