សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ប្រាក់រង្វាន់ ជ័យលាភី ជូនកីឡាករ-កីឡាការិនី ក្នុងការប្រកួតកីឡាជ្រើសរើសជើងឯក ជា លក្ខណៈអន្តរជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៦ កុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួត ជ្រើស រើស ជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនប្រតិភូមន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡា លក្ខណៈអន្ដរជាតិ និងក្នុងតំបន់ដោយប្រើប្រាស់ថវិការបស់អង្គភាព ថវិកា អគ្គនាយកដ្ឋានកីឡាកម្មវិធីទី៣ និងថវិការបស់គណៈ កម្មា ធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) លើ១១ប្រភេទកីឡារួមមាន៖ កីឡាជឺជីតស៊ូ កីឡាតេក្វាន់ដូ WT កីឡាហែលទឹក និងកីឡាទូកក្ដោង។

ក្រសួងក៏បានបញ្ជូន ៥ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡា សាកល វិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០ នៅខេត្ដអូប៊ុនរដ្ឋាថានី ព្រះ រាជាណាចក្រថៃ រួមមាន៖ ប៉េតង់ តេក្វាន់ដូWT គុនដាវ អត្ដពលកម្ម និងការ៉ាតេ ដោយទទួលបានលទ្ធផលល្អប្រសើរគួរឱ្យ កត់សម្គាល់។
បណ្ឌិតសភាចារ្យបានឱ្យដឹងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលធំធេង ក្នុងការទទួលធ្វើជា ម្ចាស់ ផ្ទះ លើការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលយើងបានរង់ចាំអស់ រយៈពេល៦៤ឆ្នាំ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៩គ្រឿង។ជាមួយ គ្នានេះ អត្ដពលិកកម្ពុជាបានបំបែកកំណត់ ត្រា ប្រវត្ដិសាស្ដ្រដោយ ដណ្ដើម បានមេដាយមាសចំនួន ១៦គ្រឿង លើប្រភេទកីឡា អូឡាំពិក ចំនួន១០។

ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលដ៏ថ្លៃថ្លានេះ បានបង្ហាញយ៉ាង ប្រត្យក្ស ពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ការចូល រួម រវាង គ្រប់ភាគីពាក់ព័ន្ធ ការធ្វើប្រតិភូកម្មមុខងារ ការគាំទ្រថវិកា ដល់ សហព័ន្ធ កីឡាជាតិ និងការអនុវត្ដគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា ប្រកបដោយប្រសិទ្ធភាព និងមានគណនេយ្យភាព ល្អប្រសើរ។
ក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញាបន្ដលើកទឹកចិត្ដ ជំរុញ និងចូលរួម សម្របសម្រួល លើការស្នើសុំគោលការណ៍ រៀបចំការប្រកួត ជើងឯក ក្នុងស្រុក និងការប្រកួតក្រៅប្រទេស ដើម្បីដកស្រង់បច្ចេកទេស ក្នុង ការអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក កីឡាករ កីឡាការិនី ជាពិសេសក្រសួង នៅតែបន្ដរៀបចំ និងផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដ របស់រាជរដ្ឋាភិបាល ជូនដល់ម្ចាស់ជ័យលាភីបន្ដបន្ទាប់ទៀត៕





ដោយ៖វណ្ណលុក