គណបក្សនយោបាយជាច្រើន គាំទ្រនិងអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥

ភ្នំពេញ៖ គណបក្សនយោបាយជាច្រើន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្សនយោបាយបានបញ្ជាក់ថា ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលប់នេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។

គណបក្សនយោបាយបានគាំទ្រ និងអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលប្រកបទៅដោយតម្លាភាព និងស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោតបានយ៉ាងត្រឹមត្រូវបំផុត។

បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយ បានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕

ads banner