គណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មា ធិការ កិច្ចការជនជាតិភាគតិច នៃរដ្ឋសភាឡាវ

(ភ្នំពេញ)៖ មានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Khamchanh SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នាឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅ កម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ។ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ការងាររួមគ្នាក្នុងក្របខណ្ឌគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា និងគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នៃរដ្ឋសភាឡាវ និងក្របខណ្ឌនៃសភាទាំងពីរ ។

ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត សង្ឃឹមថា គណៈកម្មការនៃសភាប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបន្តទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានមានប្រសាសន៍ថា ទោះបីដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី តែគណៈប្រតិភូបានសង្កេតឃើញពីចរន្តសេដ្ឋកិច្ច រស់រវើករបស់កម្ពុជា ពិសេសការរីកចម្រើននូវអគារខ្ពស់នៅក្មុងរាជធានីភ្នំពេញ។ ជាមួយគ្នានោះ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត បានសុំគោរពអញ្ចើញគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner