ស្ថាបនិកកីឡាហាប់គីដូ ជំរុញឱ្យរួមគ្នាអភិវឌ្ឍជំនាញកីឡាមួយនេះ ឱ្យឈានដល់កម្រិតពិភពលោក
ភ្នំពេញ៖ព្រឹទ្ធាចារ្យកីឡាហាប់គីដូ ឯកឧត្តម សាន គឹមស៊ាន បានជំរុញ ដល់អ្នកស្ថិតក្នុងវិស័យកីឡាមួយនេះទាំងអស់ រួមគ្នាអភិវឌ្ឍ ជំនាញកីឡា មួយនេះឱ្យឈានដល់កម្រិតពិភពលោក។
ព្រឹទ្ធាចារ្យបានលើកឡើងដូច្នេះ ក្នុងពិធីប្រគល់ជូនលិខិត បញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅចំនួន២៣នាក់ កាលពី ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់នៃពហុ កីឡដ្ឋាន ជាតិអូឡាំពិក ។

ឯកឧត្តមបានកោតសរសើរការខិតខំតស៊ូបង្វឹកដល់កីឡាករ កីឡាការិនី របស់គ្រូបង្វឹក ជាពិសេស គឺលោក គង់ ចាន់ធីណា ដែល តែងតែលះ បង់បង្ហាត់បង្រៀនសិស្សគុនដោយលំបាកនៅតាមសួនច្បារ រហូតដល់ បច្ចុប្បន្នមានទីតាំងហ្វឹកហាត់ត្រឹមត្រូវ ។ ឯកឧត្តម ក៏បានមើលឃើញ ពីការ ខិតខំអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជារបស់ថ្នាក់ដឹកនាំ ដែល មានឧកញ៉ា សៅ សេងហាក់ ជាប្រធាន សហព័ន្ធ សមាជិកសហព័ន្ធ ទាំងអស់រួមទាំងកីឡាករ កីឡាការិនី ក្នុងការបន្តពង្រឹងហាប់គីដូឱ្យកាន់ តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបញ្ជាក់ថា «ក្នុងនាមខ្ញុំជា ស្ថាបនិកមួយរូបរបស់កីឡា ហាប់គីដូ កម្ពុជាឱ្យរស់ឡើងវិញ ខ្ញុំសូមឱ្យទាំងអស់គ្នារួមគ្នាអភិវឌ្ឍ ជំនាញកីឡា នេះ ឱ្យ ឈានដល់កម្រិតពិភពលោក ដើម្បីឱ្យគេស្គាល់ថា ខ្មែរយើងក៏ មានប្រភេទកីឡាហាប់គីដូខ្លាំងពូកែដែរ។ ចៅៗ ដែលមានវ័យ ក្មេងៗ ១០ឆ្នាំ និង១៥ឆ្នាំ កុំឈប់ហ្វឹកហាត់ ត្រូវបន្តហ្វឹកហាត់ឱ្យបានខ្លាំងក្លា នៅថ្ងៃអនាគត យើងនឹងមានអ្នក ខ្លាំងតំណាងហាប់គី ដូ កម្ពុជាជាក់ ជាមិនខាន»។

ចំណែក លោក គួច ហុងជៀក អនុប្រធានតំណាងប្រធានសហព័ន្ធ បាន វាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី រួមទាំង សមាជិក សហព័ន្ធ ទាំងអស់ ដែលខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យកីឡាហាប់គីដូ រយៈពេលខ្លី ប៉ុន្តែទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។
រីឯលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ហាប់គីដូ បានឱ្យដឹងថា យោងតាមការខិតខំប្រឹងប្រែងហ្វឹកហាត់ របស់ កីឡាករ កីឡាការនី និងឆ្លងកាត់វគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាហាប់គីដូ អស់រយៈពេលប្រាំមួយខែ និងរយៈពេលមួយឆ្នាំមក បានបញ្ចប់វគ្គ តាម កម្រិតនីមួយៗ ដោយជោគជ័យ៕



ដោយ៖ ចាន់ វិចិត្រ