ប្រមុខ UN ព្រមានថា កម្មវិធីផ្តល់ជំនួយនឹងស្លាប់ បើសិនអ៊ីស្រាអែលវាយប្រហារទីក្រុង Rafah
ហ្ស៊ឺណែវ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងថ្ងៃចន្ទ ព្រមានថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah គឺប្រៀបដូចជាការសម្លាប់កម្មវិធីផ្តល់ជំនួយក្នុងតំបន់ហ្គាហ្សា ជាទីដែលជំនួយមនុស្សធម៌កំពុងខ្វះខាតធ្ងន់ធ្ងរនៅឡើយ។
ស្របពេលមានវិបត្តិមនុស្សធម៌កំពុងកើនឡើង UNRWA ដែលជាទីភ្នាក់ងារផ្តល់ជំនួយដ៏សំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន បានជំរុញឱ្យមានសកម្មភាពនយោបាយជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះទុរភិក្សនៅក្នុងតំបន់ហ្គាហ្សា។

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ក្នុងថ្ងៃចន្ទនេះ លោក Guterres បានអះអាងថា ទីក្រុង Rafah របស់តំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាង ១.៤លាននាក់ប្រមូលផ្តុំគ្នារស់នៅក្នុងទីក្រុងតង់ គឺជា “ស្នូលនៃប្រតិបត្តិការជំនួយមនុស្សធម៌” នៅក្នុងទឹកដីប៉ាឡេស្ទីន។ដូច្នេះលោកអំពាវនាវជាថ្មីម្តងទៀតឱ្យមានបទឈប់បាញ់មនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ការអត្ថាធិប្បាយបែបនេះរបស់លោក Guterres ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានរំលឹកឡើងវិញថា ប្រទេសរបស់គាត់មានចេតនាវាយលុកលើទីក្រុង Rafah ដើម្បីសម្រេចជ័យជំនះទាំងស្រុងលើក្រុមហាម៉ាស់ ហើយថា បទឈប់បាញ់ដែលកំពុងពិភាក្សានៅទីក្រុងដូហា គឺគ្រាន់តែជាការពន្យារពេលប្រតិបត្តិការនេះតែប៉ុណ្ណោះ៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា