ប៉ម Eiffel Tower បើកស្វាគមន៍ភ្ញៀវទេសចរវិញ ក្រោយផ្ទុះកូដកម្ម

ប៉ារីស៖ ប៉ម Eiffel Tower ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់បារាំង និងពិភពលោក ដែលបានបិទអស់រយៈពេល៥ថ្ងៃ ដោយសារបុគ្គលិកធ្វើកូដកម្មនោះ ចាប់បើកដំណើរឡើងវិញនៅថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយជាមួយសហជីព។

ប៉ម Eiffel Tower បានបិទទ្វារផ្អាកទទួលភ្ញៀវចាប់តាំងពីថ្ងៃចន្ទទី១៩ ខែកុម្ភៈ បន្ទាប់ពីផ្ទុះការតវ៉ាដែលផ្តោតលើតម្លាភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុ។ ប្រតិបត្តិករនៃអគារ The Eiffel Tower ហៅកាត់ថា SETE និយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយសហជីពកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយភាគីនានានឹងត្រួតពិនិត្យជាប្រចាំនូវគំរូអាជីវកម្មរបស់ក្រុមហ៊ុន, ការវិនិយោគលើការងារ និងប្រាក់ចំណូល តាមរយៈស្ថាប័នដែលនឹងជួបប្រជុំរៀងរាល់៦ខែម្តង។

ការផ្អាកដំណើរការទីតាំងទេសចរណ៍នេះ គឺជាលើកទី២ហើយក្នុងពេលមិនដល់ពីរខែផង ខណៈដែលបុគ្គលិកបានប្រមូលផ្តុំតវ៉ាក្នុងហេតុផលពាក់ព័ន្ធកត្តាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ប៉ម Eiffel Tower ដែលជាកន្លែងដ៏ល្បីល្បាញបំផុតរបស់ទីក្រុងប៉ារីស ដែលបានទាក់ទាញអ្នកទស្សនាប្រមាណជិត៧លាននាក់ក្នុងមួយឆ្នាំ ខណៈជាង៣ភាគ៤នៃភ្ញៀវដែលមកទស្សនា គឺជាជនបរទេស។

ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ចំនួនភ្ញៀវទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរ ក៏ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍បានកើនឡើងវិញដល់ ៥.៩លាននាក់កាលពីឆ្នាំ២០២២ ខណៈកាលពីឆ្នាំ២០២៣ បានទាក់ទាញអ្នកទេសចរណ៍ដល់ចំនួន ៦.៣លាននាក់។

បើតាមការប៉ាន់ស្មាន ចំនួនភ្ញៀវទេសចរណ៍ទៅកាន់ទីក្រុងប៉ារីស នឹងកើនឡើងខ្លាំងបន្ថែមទៀតនៅរដូវក្តៅនេះ ខណៈដែលប្រទេសបារាំងទទួលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០២៤៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner