អ៊ីស្រាអែលវាយប្រហារភាគខាងកើតលីបង់ជាលើកដំបូង

ហ៊្សេរុយសាឡឹម៖ អ៊ីស្រាអែល ក្នុងថ្ងៃចន្ទ បានបើកការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា នៅជិតទីក្រុង Baalbek របស់ប្រទេសលីបង់ ដែលនេះជាការវាយលុកលើកដំបូង ទៅលើភាគខាងកើតនៃប្រទេសលីបង់ ក្នុងរយៈពេលជិត៥ខែនៃការប៉ះទង្គិចគ្នាឆ្លងព្រំដែនរវាងភាគីជម្លោះទាំងពីរ។

ប្រភពសន្តិសុខមួយបង្ហើបឱ្យដឹងថា ការវាយប្រហារលើកទីមួយរបស់អ៊ីស្រាអែលបានវាយលុកលើអគារលំនៅដ្ឋាន ដែលជាស្ថាប័នជនស៊ីវិលនៃក្រុមហេសបូឡា នៅក្នុងតំបន់ជាយក្រុង Baalbek។ ចំណែកការវាយប្រហារលើកទីពីររបស់អ៊ីស្រាអែល បានវាយលុកលើឃ្លាំងមួយកន្លែងនៅជិតទីក្រុង Baalbek ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធ មានអ៊ីរ៉ង់ជាខ្នងបង្អែក។

កងទ័ពអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងវាយប្រហារលើគោលដៅពួកភេរវករហេសបូឡា ចូលជ្រៅទៅក្នុងទឹកដីប្រទេសលីបង់។ ការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងថ្ងៃចន្ទនេះ បានកត់សម្គាល់ពីការវាយលុកលើកដំបូងលើក្រុមហេសបូឡា ក្រៅពីភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីអរិភាពបានចាប់ផ្តើម ក្រោយផ្ទុះសង្គ្រាមនៅហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា។

ដោយឡែកនៅព្រឹកថ្ងៃចន្ទដដែល ក្រុមហេសបូឡាក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដ៏ធំមួយគ្រឿងរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៨ ខែតុលាមក ក្រុមហេសបូឡា និងអ៊ីស្រាអែលបានធ្វើការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកស្ទើររៀងរាល់ថ្ងៃ។ ហើយយ៉ាងហោចណាស់មនុស្ស ២៧៨នាក់ហើយត្រូវបានសម្លាប់នៅខាងលីបង់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ដែលភាគច្រើនជាពួកយុទ្ធជនហេសបូឡា ប៉ុន្តែក៏មានជនស៊ីវិលចំនួន ៤៤នាក់ផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner