លោក បៃដិន និងលោក ត្រាំ ប្រកាសទៅព្រំដែនអាមេរិក-ម៉ិកស៊ិកក្នុងថ្ងៃតែមួយ

វ៉ាស៊ីនតោន៖ លោក ចូ បៃដិន និង លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកក្នុងថ្ងៃតែមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិនិត្យមើលដោយផ្ទាល់ពីវិបត្តិអន្តោប្រវេសន៍ខុសច្បាប់ ខណៈដែលពួកលោកកំពុងសម្លឹងឆ្ពោះទៅរកការប្រកួតប្រជែងគ្នាសាជាថ្មី នៅក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។

សេតវិមានបានលើកឡើងថា លោក បៃដិន នឹងទៅទីក្រុង Brownsville រដ្ឋ Texas នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជួបជាមួយភ្នាក់ងារល្បាតព្រំដែន មន្ត្រីអនុវត្តច្បាប់ និងមេដឹកនាំរដ្ឋាភិបាលក្នុងតំបន់។ ក្នុងថ្ងៃដដែលនោះ លោក ត្រាំ ដែលជាបេក្ខជនឈានមុខមកពីគណបក្សសាធារណរដ្ឋ ក៏គ្រោងធ្វើដំណើរទៅចំណុចក្តៅនៅតាមព្រំដែន គឺទីក្រុង Eagle Pass រដ្ឋ Texas ដែរ។

បញ្ហាអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក បានក្លាយជាប្រធានបទដ៏ក្តៅគគុក ហើយក៏ជារឿងស្មុគស្មាញសម្រាប់ប្រធានាធិបតីអាមេរិកគ្រប់រូបនៅក្នុងតំណែងសេតវិមាន។ ភ្នាក់ងារល្បាតព្រំដែនអាមេរិកបានបញ្ជាក់ថា ក្នុងឆ្នាំសារពើពន្ធចុងក្រោយរបស់រដ្ឋាភិបាល ដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំមុន ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកត់ត្រាជនចំណាកស្រុកខុសច្បាប់ជិត ២.៥លាននាក់។

យោងតាមការស្ទង់មតិរបស់សារព័ត៌មាន NBC News ចាប់ពីខែមករា រកឃើញថា ៥៧ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនិយាយថា លោក ត្រាំ អាចដោះស្រាយបញ្ហាព្រំដែនបានល្អ ខណៈដែល ២២ភាគរយគាំទ្រលោក បៃដិន។ រីឯការស្ទង់មតិដូចគ្នាក៏បានរកឃើញដែរថា មនុស្ស ៤៨ភាគរយនិយាយថា ពួកគេទុកចិត្តលោក បៃដិន ក្នុងការដោះស្រាយជាមួយជនអន្តោប្រវេសន៍ដោយមនុស្សធម៌ ខណៈដែល ៣១ភាគរយប៉ុណ្ណោះគាំទ្រលោក ត្រាំ។

គួរបញ្ជាក់ថា ពេលចូលកាន់តំណែងភ្លាម លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន ដោយលុបចោលវិធានការសន្តិសុខព្រំដែន ដែលលោក ត្រាំ ដាក់ចេញក្នុងអាណត្តិរបស់គាត់។ រដ្ឋបាលរបស់លោក បៃដិន ក៏បញ្ឈប់ជាបណ្តោះអាសន្ននូវការនិរទេសជនចំណាកស្រុកខុសច្បាប់ និងលុបចោលការសាងសង់ជញ្ជាំងព្រំដែនផងដែរ។

ជាការឆ្លើយតប លោក ត្រាំ បានចោទប្រកាន់លោក បៃដិន ថា កំពុងបំផ្លាញសហរដ្ឋអាមេរិក ក្រោយលុបចោលវិធានការសន្តិសុខព្រំដែនរបស់គាត់ និងបើកដៃទទួលយកលំហូរជនបរទេសខុសច្បាប់, គ្រឿងញៀន និងជនសង្ស័យភេរវករ ក្នុងអត្រាដ៏ច្រើនលើសលប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner