សហរដ្ឋអាមេរិកបន្តវាយកម្ទេចមីស៊ីសប្រឆាំងនាវា និងយន្តហោះដ្រូនក្រុមហ៊ូទីនៅយេម៉ែន

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក ក្នុងថ្ងៃចន្ទ បានវាយប្រហារនាវាគ្មានមនុស្សបើកចំនួន៣គ្រឿង, កម្ទេចមីស៊ីលគ្រូសចំនួនពីរគ្រាប់ក្នុងប្រទេសយេម៉ែន និងយន្តហោះដ្រូនមួយគ្រឿងរបស់ក្រុមហ៊ូទី ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់នាវាពាណិជ្ជករក្នុងតំបន់។

សម្រាប់ការវាយប្រហារកាលពីថ្ងៃចន្ទ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានបញ្ជាក់ថា កងកម្លាំងអាមេរិកបានបំផ្លាញនាវាគ្មានមនុស្សបើកចំនួន ៣គ្រឿង, មីស៊ីលប្រឆាំងនាវាចល័តចំនួនពីរគ្រាប់ និងយន្តហោះដ្រូនមួយគ្រឿងរបស់ក្រុមហ៊ូទីនៅយេម៉ែន។

បើតាមទីបញ្ជាការ CENTCOM ការវាយប្រហារចុងក្រោយនេះធ្វើឡើងនៅចន្លោះម៉ោង ៤និង៤៥នាទីរសៀល ដល់ម៉ោង ១១និង៤៥នាទីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ក្នុងគោលបំណងស្វ័យការពារខ្លួន ពីព្រោះសព្វាវុធទាំងនោះ បានបង្ហាញពីការគំរាមកំហែងជិតមកដល់ ចំពោះនាវាពាណិជ្ជករ និងដល់កប៉ាល់កងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់។

សូមរម្លឹកថា កាលពីចុងសប្តាហ៍ កងកម្លាំងអាមេរិក និងអង់គ្លេសក៏បានវាយប្រហារប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូទីចំនួន១៨ នៅទូទាំងទីតាំងចំនួន៨ ក្នុងប្រទេសយេម៉ែនផងដែរ ក្នុងនោះរួមមានកន្លែងស្តុកអាវុធ, យន្តហោះដ្រូន, ប្រព័ន្ធការពារដែនអាកាស, ប្រព័ន្ធរ៉ាដា និងឧទ្ធម្ភាគចក្រ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ក្រុមហ៊ូទី បានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ និង៨នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនោះ។សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ផងដែរថា មានការវាយប្រហារច្រើនជាង ៤៥លើកលើនាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹក ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដែលនេះគឺជាការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ភ្លើងកំហឹងចំពោះយុទ្ធនាការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី៧ ខែតុលា បានរីកធំឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលបង្កឱ្យមានអំពើហិង្សាពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនៅក្នុងប្រទេសលីបង់ អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner