អាមេរិកបង្ហាញតម្រុយពីបទឈប់បាញ់រយៈវែងមិនធ្លាប់មាននៅហ្គាហ្សា

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា នឹងមានបទឈប់បាញ់ថ្មី និងមានរយៈពេលយូរ មិនធ្លាប់មាន ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ លោកថា កិច្ចព្រមព្រៀងនេះអាចរួមបញ្ចូលទាំងការដោះដូរចំណាប់ខ្មាំង រាប់សិបនាក់។

លោក Biden បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅញូវយ៉ក កាលពីថ្ងៃចន្ទ ថា «ក្តីសង្ឃឹមរបស់ខ្ញុំ គឺនៅថ្ងៃចន្ទសប្តាហ៍ក្រោយ យើងនឹងមានបទឈប់បាញ់មួយ»។ លោកថា ដំណឹងនេះ លោកទទួលបានទីប្រឹក្សាសន្តិសុខជាតិ របស់លោកផ្ទាល់។

គួរបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងហាម៉ាស់នេះ ធ្លាប់មានម្តង កាលពីចុងឆ្នាំ២០២៣ តែត្រឹម១សប្តាហ៍ ហើយប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក បារាំង និងប្រទេសដទៃទៀតបានដើរតួ យ៉ាងសំខាន់ លើរឿងនេះ។

ពួកគេកំពុងស្វែងរកការផ្អាកប្រយុទ្ធគ្នារយៈពេល «ប្រាំមួយសប្តាហ៍» និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា។

មន្ត្រីអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះបានប្រាប់គេហទំព័រព័ត៌មានអ៊ីស្រាអែល Ynet ថា អ្វីដែលលោក បៃឌិន លើកឡើង គឺជាការពិត។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ បើមានមែន គឺគ្រាន់តែពន្យាពេល ប៉ុន្តែ មិនមែនជាការឈប់វាយលុកលើដី Rafah នៅភាគខាងត្បូង នៃតំបន់ Gaza Strip នោះឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner