ក្រុមយុវជនសង្គមស៊ីវិលសាទរចំពោះលទ្ធផលបឋមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងបណ្តុំអង្គការ សមាគមនានា ធ្វើការវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានអបអរសាទរ និងគាំទ្រ ចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ខណៈដែលការបោះឆ្នោតព្រឹទ្ធសភាបានបិទបញ្ចប់ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា បានអះអាងថា ពួកគេ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការនៃការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ដែលបានប្រព្រឹត្តទៅ ចាប់ពីម៉ោង៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ដែលមានសមាជិកសមាជិការដ្ឋសភា និងសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ លោកបន្តថា សុខសន្តិភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។
បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសម្រេចបាននូវគោលដៅកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពិសេសក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត ប្រទេសកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និងឥតឈប់ឈរ៕
ដោយ៖ពលជ័យ