ក្រសួងបរិស្ថាន៖ មកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន
(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន មួយដោយបានលើកឡើងថា៖ ក្រសួង បានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។
ជាមួយគ្នានេះក្រសួងបរិស្ថានបានលើកឡើងដោយបញ្ជាក់ថាៈសម្រាប់ទង្វើបែបនេះ គឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដូចមានចែងថា “សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួង បរិស្ថាន និងបង្វែធ្វើជាដីកសិកម្ម ឬ ធ្វើជាកម្មសិទ្ធិបុគ្គល ឬ លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គល ណាមួយ បានឡើយ»។
ក្នុងន័យនេះ ក្រសួងបរិស្ថានសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
-គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ត្រូវការពារថែរក្សាផ្ទៃដីព្រៃសហគមន៍ឱ្យបានគង់វង្ស ស្របតាមប្រកាសរបស់ក្រសួងបរិស្ថាន។ ក្នុងករណីចាំបាច់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិ ត្រូវផ្ដល់ព័ត៌មានជាបន្ទាន់ជូនមន្ទីរបរិស្ថានខេត្តសាមី ដើម្បីស្នើសុំការណែនាំ និងចាត់ វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេល
-រូបវន្តបុគ្គល ឬនីតិបុគ្គលពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ឆ្ការ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ ដាំដុះដំណាំនៅលើដីសហគមន៍តំបន់ការពារធម្មជាតិ
-បុគ្គលដែលបានកាប់រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីនោះឱ្យទៅ សហគមន៍វិញដោយឥតលក្ខខណ្ឌ និងធ្វើការដាំស្តារព្រៃឈើនៅលើដីដែលបានកាប់រានឡើងវិញ
- មន្ទីរបរិស្ថានខេត្ត ត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពមាន សមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ចុះអនុវត្តទប់ស្កាត់រាល់ សកម្មភាពកាប់ឆ្ការដីព្រៃសហគមន៍ ស្របតាមច្បាប់ជាធរមាន។
ជាមួយការចេញសេចក្តីប្រកាសព័ត៌មាននេះដែរក្រសួងបរិស្ថានបានស្នើឱ្យ ក្រសួង ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីឈានទៅបញ្ចប់រាល់សកម្មភាពកាប់ រុករាន ទន្ទ្រានដី ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យបានប្រសិទ្ធភាព ៕

ដោយ ៖ ម៉ាដេប៉ូ