យុវជនជិត ២០០នាក់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា (Video Inside)
យុវជនជិត ២០០នាក់ បានមកទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈមរតកដូនតា។ ជំនាញវិជ្ជាជីវៈមរតកដូនតា គឺជាផ្នែកមួយ នៃកម្មវិធីជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន ១លាន ៥សែននាក់ ពីរង្វង់យុវជនមកពីគ្រួសារក្រីក្រ។
អគ្គនាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ជ័យ ច័ន្ទកិត្យា បានថ្លែងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា មកដល់ពេលនេះទើបមានយុវជន ១៨៥នាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប៉ុណ្ណោះ បានមកទទួលការបណ្តុះបណ្តាល លើជំនាញវិជ្ជាជីវៈមរតកដូនតា។
វគ្គទី១ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឡើងក្នុងខែកុម្ភៈនេះ បានកំណត់ និងជ្រើសរើសយុវជន មកពីគ្រួសារក្រីក្រសរុបចំនួន ៣០០នាក់ ដោយការសិក្សានឹងមានរយៈពេល ១២ខែ សម្រាប់ជំនាញវិជ្ជាជីវៈមរតកដូនតា។
វគ្គបណ្តុះបណ្តាលកំពុងតែប្រព្រឹត្តទៅក្នុងទីតាំងចំនួន ១១ ដែលមាន ១៣ថ្នាក់ នៅខេត្តចំនួន៦។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។
តាមរយៈចំណេះ និងជំនាញជួយបណ្តុះបណ្តាលនេះ នឹងត្រូវរំពឹងថា នឹងជួយរួមចំណែកឱ្យកម្ពុជាអាចសម្រេចនូវមហិច្ឆតាចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។