ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ សេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ត្រូវការជាចាំបាច់ នូវធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា សេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ត្រូវការជាចាំបាច់នូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងគ្រប់កោសិកានៃអង្គការចាត់តាំងរបស់រដ្ឋ រួមមានព្រឹទ្ធសភា រដ្ឋសភា និងក្រសួងស្ថាប័នទាំងអស់ ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់ភូមិបាលថ្មីនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងងាយស្រួលក្នុងការអនុវត្តការងារ ។
សេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះ នឹងត្រូវផ្សព្វផ្សាយទៅកាន់បណ្ដារាជធានី ខេត្ត និងឃុំ សង្កាត់ ដើម្បីរម្លឹកឡើងវិញនូវតួនាទីភារកិច្ចរបស់មេឃុំ ចៅសង្កាត់ ដែលជាអ្នកអនុវត្តកិច្ចការទាក់ទិននឹងច្បាប់ភូមិបាលជារៀងរាល់ថ្ងៃ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងបែបនេះ ក្នុងសិក្ខាសាលាពិគ្រោះ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ធ្វើនៅទីស្ដីការក្រសួង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ពាក់ព័ន្ធការកសាងមូលធនមនុស្ស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់ក្រសួង នឹងក្លាយជាតួអង្គដ៏សំខាន់មួយក្នុងការរៀបចំបញ្ចូលនូវកម្មវិធីសិក្សាពាក់ព័ន្ធនឹងច្បាប់ភូមិបាលថ្មីដល់សាលាភូមិន្ទរដ្ឋបាល និងសាលាបណ្ដុះបណ្ដាលនានារបស់រដ្ឋ ដើម្បីបញ្ជ្រាបចំណេះដឹងដល់ចៅក្រម មេធាវី ក្រឡាបញ្ជី សាស្ត្រាចារ្យផ្នែកច្បាប់ និងនិស្សិតគ្រប់រូប សំដៅធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ។ ក្រសួងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិត និងមេធាវីស្ម័គ្រចិត្ត ចូលរួមដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដោយផ្អែកលើច្បាប់ភូមិបាលថ្មីនេះ។
ឯកឧត្តម សាយ សំអាល់បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធឱ្យមានការឯកភាពគ្នាទាំងលើខ្លឹមសារនៃច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងការអនុវត្ត ពិសេសត្រូវខិតខំប្រឹងប្រែងឯកភាពគ្នាពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារតាមវិស័យជំនាញនីមួយៗឱ្យកាន់តែប្រសើរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកពីកត្តាសាមគ្គីភាព និងការឯកភាពគ្នា ដែលនាំមកនូវការបង្រួបបង្រួមជាតិ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះ ការជ្រោងទង់សាមគ្គីឯកភាពគ្នា ជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការថែរក្សាមរតកសន្តិភាព និងបន្តមរតកនេះទៅអនាគតសម្រាប់មនុស្សជំនាន់ក្រោយទៀត៕
ដោយ / គ្រី សម្បត្តិ




