តុលាការកំពូលប្រើបច្ចេកវិទ្យាទំនើបដោះស្រាយ និងរក្សាទុករឿងក្តី

ភ្នំពេញ៖ ក្នុងពិធីចុះអនុសារណៈយោគយល់ជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២៤ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលលើកឡើងថា សំណុំរឿងជាង ១ម៉ឺនករណីបានតំកល់ទុករាប់ឆ្នាំមកហើយនៅតុលាការកំពូល។ បដិវត្តន៍បច្ចេកវិទ្យានៅតុលាការកំពូលនឹងចាប់ផ្តើមពីការប្រែក្លាយឯកសារឿងក្តីដែលគរទុកទាំងនោះទៅជាឯកសារអេឡិចត្រូនិច ដើម្បីសុវត្ថិភាព និងភាពត្រឹមត្រូវ ។ ចំណែករឿងក្តីថ្មីៗក៏នឹងត្រូវបញ្ជូលក្នុងថ្នាលបច្ចេកវិទ្យានេះផងដែរ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយវិវាទ។

ឯកឧត្តម ជីវ កេង បញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាធាតុមួយចាំបាច់ដើម្បីជំរុញល្បឿនការងារ ផ្តល់សេវាយុត្តិធម៌ប្រកដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងមានប្រសិទ្ធភាព ។

ក្រៅពីការប្រើថ្នាលឌីជីថលនេះ ក្រសួងប្រៃសណីយ៍ ក៏នឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាចាំបាច់ បណ្តុះធនធានមនុស្សក្នុងតុលាការកំពូល និងផ្តល់កុំព្យូទ័រផងដែរ ដើម្បីឱ្យតុលាការកំពូលមួយនេះក្លាយជាគំរូឈានមុខគេនៅក្នុងវិស័យតុលាការនៅកម្ពុជា។ នេះជាការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។

ថ្នាលបច្ចេកវិទ្យា verify.gov.kh ប្រៀបដូចជាជម្រុកឯកសាអេឡិចត្រូនិចដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ដើម្បីបង្កើនទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា។ ផ្តួចផ្តើមបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាលនេះដណ្តើមបានមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។ រហូតមកដល់ពេលនេះ មានក្រសួងនិងគ្រឹះស្ថានអប់រំចំនួន៣៦ កំពុងប្រើប្រាស់ថ្នាលនេះ រួមទាំងក្រសួងយុត្តិធម៌ផង។

គួរសម្គាល់ថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលអាណត្តិថ្មី។ ប្រព័ន្ធយុត្តិធម៌ដែលប្រជាជនមួយចំនួនរិះគន់ពីប្រសិទ្ធិភាព និងការផ្តល់យុត្តិធម៌។ ដើម្បីកែលម្អ ក្រសួងយុត្តិធម៌កំពុងអនុវត្តវិធានការ៣គឺ ការរៀបចំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញនិងពន្លឿនដោះស្រាយរឿងក្តីនៅតាមប្រព័ន្ធតុលាការ និងការត្រួតពិនិត្យនឹងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏ត្រូវបានបង្កើតឡើងផងដែរដើម្បីពន្លឿនល្បឿនដោះស្រាយ និងតម្លាភាព តបតាមអភិក្រមទាំង៤របស់ក្រសួងយុត្តិធម៌គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ៕

អត្ថបទ ង៉ាន់មទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner