នគរបាលឃាត់ខ្លួនជនសង្ស័យលេងល្បែងស៊ីសងខុសច្បាប់ ១៥នាក់ ក្នុងសប្ដាហ៍កន្លងទៅ
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីលេង ល្បែង ស៊ីសងខុសច្បាប់ទូទាំងប្រទេស បានថយចុះគួរឱ្យកត់សម្គាល់នៅក្នុងសប្ដាហ៍ចុង ក្រោយ នេះ បើធៀបនឹងសប្ដាហ៍មុន។
ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក្រសួង មហា ផ្ទៃ បានបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១៥នាក់។ បើតាមអ្នកនាំពាក្យរូបនេះ ពីចំណែកនៃករណីលេងល្បែងស៊ីសងខុស ច្បាប់ សរុបនោះ នៅខេត្តតាកែវមាន២ទីតាំង ខេត្តឧត្តរមានជ័យមាន១ទីតាំង ខេត្តត្បូងឃ្មុំមាន២ទីតាំង ខេត្តកំពតមាន៣ទីតាំង និងខេត្តបាត់ដំបងមាន១ទីតាំង។ ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង១៥នាក់នោះ មានមួយចំនួន ត្រូវបានអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងមួយចំនួនទៀតត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សមត្ថកិច្ចនគរបាល បានបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់បាន ១៤៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ ១៣នាក់បញ្ជូនទៅតុលការ និង ១៧៤នាក់ទៀត ត្រូវបានអប់រំ ធ្វើកិច្ចសន្យាមុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ក្នុងចំណោមករណីសរុបនោះ ខេត្តបាត់ដំបងមាន ១៣៦ករណី កំពត៥ករណី តាកែ១ករណី ប៉ៃលិន ១ករណី និងខេត្តត្បូងឃ្មុំ ១ករណី។
អ្នកនាំពាក្យដដែល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យ សមត្ថកិច្ច យកចិត្តទុកដាក់ខ្ពស់ចំពោះចំពោះការងារអាទិភាពចំនួន៦ ក្នុងនោះក៏មានការ បង្ក្រាប ល្បែងស៊ីសងខុសច្បាប់នេះផងដែរ។
អាជ្ញាធរដែនដីថ្នាក់ក្រោម ជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស ក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់ អនុវត្ត បង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្ត តាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕
ដោយភារ៉ា/ប៊ុនធី
