ប្រេសិតពិសេសចិន នឹងទៅអ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុប សប្តាហ៍នេះ
ប៉េកាំង៖ ទីក្រុងប៉េកាំង ក្នុងថ្ងៃពុធ ប្រកាសថា បេសកជនអឺរ៉ាស៊ីរបស់ចិនលោក Li Hui នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី អ៊ុយក្រែន និងទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាពីសង្រ្គាមដែលមានរយៈពេលជាងពីរឆ្នាំរវាងរុស្ស៊ី-អ៊ុយក្រែន។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោក Li Hui នឹងតំណាងឱ្យផ្នែកការទូតជុំទីពីរ នៃការស្វែងរកដំណោះស្រាយនយោបាយក្នុងសង្គ្រាមអ៊ុយក្រែន ហើយថា លោក Li ក៏នឹងទៅប្រទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញផងដែរ ក្រៅពីអ៊ុយក្រែន និងរុស្ស៊ី។
លោក Li បានទៅបំពេញទស្សនកិច្ចក្នុងតំបន់កាលពីឆ្នាំមុន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះ ដោយធ្វើកិច្ចពិភាក្សានៅទីក្រុងមូស្គូ ទីក្រុងគៀវ និងរដ្ឋធានីជាច្រើនរបស់សហភាពអឺរ៉ុប។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងមិនដែលបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព ហើយក៏មិនដែលបញ្ឈប់ការលើកកម្ពស់កិច្ចចរចាដែរ។
លោកស្រី Mao បានសង្កត់ធ្ងន់ទៀតថា អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺដើម្បីដឹកនាំទៅរកគោលដៅតែមួយ នោះគឺការកសាងការឯកភាពគ្នាបញ្ចប់សង្រ្គាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា