សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែសកម្មថែមទៀត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែសកម្មថែមទៀត។ ការដាក់ចេញអនុសាសន៍នេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អនុសាសន៍គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរួមមាន៖
-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។
-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។
-ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
សម្តេចធិបតីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ដែលបានពុះពារប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត រួបរួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត




