មេធំក្រុមហ៊ុន Meta ពិភាក្សាពីកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត AI ជាមួយកូរ៉េខាងត្បូង

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg ក្នុងថ្ងៃព្រហស្បតិ៍ បានជួបជាមួយលោកប្រធានាធិបតី យូន ស៊ុកយុល នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិមិ្មត (AI) និងវិធីដើម្បីការពារការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅមុនការបោះឆ្នោតសំខាន់ៗ។

លោក Sung Tae-yoon ប្រធានខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការគោលនយោបាយ ប្រាប់អ្នកយកព័ត៌មានថា លោក យូន និងលោក Zuckerberg បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េខាងត្បូង និងក្រុមហ៊ុន Meta ក៏ដូចជាចក្ខុវិស័យ ដើម្បីបង្កើតប្រព័ន្ធអេកូឌីជីថលបញ្ញាសិប្បនិម្មិត (AI)។

ស្របពេលមានការបោះឆ្នោតធំៗនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤នេះ រួមទាំងការបោះឆ្នោតសភាកូរ៉េខាងត្បូងក្នុងខែមេសា និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាខាងមុខ លោក យូន បានស្នើឱ្យប្រធានក្រុមហ៊ុន Meta យកចិត្តទុកដាក់ជាពិសេស ក្នុងការត្រួតពិនិត្យ និងការពារព័ត៌មានក្លែងក្លាយនៅលើវេទិការបស់ខ្លួន។

សូមបញ្ជាក់ថា លោក Zuckerberg កំពុងស្ថិតក្នុងដំណើរទេសចរណ៍រយៈពេលខ្លីនៅតំបន់អាស៊ី ដែលរួមបញ្ចូលការឈប់សំចតនៅប្រទេសជប៉ុន បូករួមទាំងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាទីដែលលោកជួបជាមួយមេដឹកនាំអាជីវកម្មមកពីក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung និង LG មុនពេលបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner