សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹក្ថងៃទី០១ ខែមីនា ឆ្នាំ២០២៤ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាស អប អរ សាទរខួបទី២៥ (១៩៩៩-២០២៤) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការ រក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា) ។
សម្ដេចធិបតី បានសរសេរលើបណ្ដាញសង្គមតេលេក្រាមថា ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃ ដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមាន របស់ អនុសញ្ញាអូតាវ៉ា។
អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ច ខិត ខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោលដៅការពារអាយុជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និង បុគ្គលនានាជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរក ការលុប បំបាត់ គ្រាប់មីន ដែលជារឿយៗប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។
នៅពេលយើងប្រារព្ធព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ សូមឲ្យយើងគោរពនូវភាពក្លាហាន និង ការលះបង់របស់អ្នកទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ហើយសូម ឱ្យយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីនទាំងស្រុង និងធានាបាននូវពិភពលោកមួយដែលមាន សុវត្ថិភាព និងសន្តិសុខជាងមុន សម្រាប់មនុស្សជំនាន់ក្រោយ។
កម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិងកំពុងបំពេញ កាតព្វកិច្ច ជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយ ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំ របស់ពិភពលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ ស្របនឹង ការអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជា ត្រូវរដ្ឋភាគីចំនួន ១៦៤ បោះឆ្នោតគាំ ទ្រ ជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញា ដែលកម្ពុជាអាចនឹងដឹកនាំបង្កើតផែនការសកម្មភាព៥ឆ្នាំសៀមរាប-អង្គរ និងសេចក្តីថ្លែង ការណ៍សៀមរាប-អង្គរ សម្រាប់រដ្ឋភាគីទាំងអស់។
សូមចូលរួមអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា ៕


ដោយ ៖ វណ្ណលុក
រូបភាព៖ ឆាណែលតេលេក្រាមសម្ដេចធិបតី