មនុស្ស ៤៣នាក់ស្លាប់ ក្រោយអគ្គិភ័យលេបត្របាក់អគារពាណិជ្ជកម្មនៅបង់ក្លាដែស

ដាកា៖ អាជ្ញាធរសុខាភិបាលបង់ក្លាដែសនិយាយថា យ៉ាងហោចណាស់មនុស្ស ៤៣នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីអគ្គីភ័យបានឆាបឆេះអគារពាណិជ្ជកម្មកម្ពស់ ៧ជាន់ នៅសង្កាត់ធំមួយក្នុងរដ្ឋធានីដាកា កាលពីយប់ថ្ងៃព្រហស្បតិ៍។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យបង់ក្លាដែស លោក Mohammad Shihab និយាយថា អគ្គិភ័យនេះ ផ្តើមចេញពីភោជនីយដ្ឋានប៊ីរីយ៉ានីដ៏ពេញនិយមមួយនៅផ្លូវ Bailey ក្នុងរដ្ឋធានីដាកា នៅម៉ោង ៩និង៥០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ហើយបានឆេះរាលដាលយ៉ាងលឿនដល់ជាន់ខាងលើ។ លោកបន្តថា ក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងភ្លើងទាំងស្រុងបានក្នុងរយៈពេល ២ ម៉ោង។

បើតាមសេចក្តីថ្លែងការណ៍ពីសេវាពន្លត់អគ្គីភ័យ ពួកគេក៏បានជួយសង្គ្រោះមនុស្ស ៧៥នាក់ផងដែរ។ រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស លោក Samanta Lal Sen បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានចុះទៅពិនិត្យមន្ទីរពេទ្យ Dhaka Medical College និងមន្ទីរពេទ្យដែលឆេះនៅជាប់គ្នាថា គិតមកទល់ពេលនេះ មនុស្ស ៤៣នាក់បានស្លាប់ដោយសារអគ្គិភ័យ។ លោករដ្ឋមន្រ្តីបន្ថែមថា អ្នករងរបួសយ៉ាងតិច ៤០នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ យ៉ាងណាមិញ មូលហេតុបង្កជាអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងទេ ខណៈដែលមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត។

សូមជម្រាបជូនថា គ្រោះអគ្គីភ័យឆាបឆេះអគារស្នាក់នៅ និងរោងចក្រ តែងតែកើតមានជាញឹកញាប់ក្នុងប្រទេសបង់ក្លាដែស ហើយជារឿយៗបញ្ហានេះ ត្រូវបានគេស្តីបន្ទោសលើការអនុវត្តន៍បទប្បញ្ញតិ្តសុវត្ថិភាពមិនត្រឹមត្រូវ។ ជាក់ស្តែង ក្នុងខែកក្កដា ឆ្នាំ២០២១ មនុស្សយ៉ាងតិច ៥២នាក់បានស្លាប់ រួមទាំងកុមារផងដែរ នៅពេលដែលអគ្គីភ័យបានឆាបឆេះរោងចក្រកែច្នៃអាហារមួយកន្លែង។ ចំណែកនៅខែកុម្ភៈ ឆ្នាំ២០១៩ មនុស្ស ៧០នាក់ក៏បានបាត់បង់ជីវិតផងដែរ នៅពេលគ្រោះអគ្គិភ័យបានឆាបឆេះប្លុកផ្ទះល្វែងជាច្រើនក្នុងរដ្ឋធានីដាកា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner