ឥណ្ឌាកំពុងជួយពលរដ្ឋខ្លួន ២០នាក់ ស្ថិតក្នុងជួរកងទ័ពរុស្ស៊ីប្រយុទ្ធនៅអ៊ុយក្រែន
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា ក្នុងថ្ងៃព្រហស្បតិ៍ និយាយថា ខ្លួនកំពុងស្វែងរកមធ្យោបាយជួយពលរដ្ឋឥណ្ឌាប្រហែល ២០នាក់ ដែលជាប់គាំងក្នុងជួរកងទ័ពរុស្ស៊ី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ពួកគេត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal ប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ញូវដេលី ថា យើងដឹងថា ជនជាតិឥណ្ឌាប្រហែល ២០នាក់បានជាប់គាំងក្នុងជួរកងទ័ពរុស្ស៊ី… យើងកំពុងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីរំសាយពួកគេឱ្យទាន់ពេល។
យើងកំពុងទាក់ទងជាទៀងទាត់ជាមួយអាជ្ញាធររុស្ស៊ីទាំងនៅទីនេះនៅទីក្រុងដេលី និងនៅទីក្រុងមូស្គូ។

ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់កាលពីសប្តាហ៍មុនថា ជនជាតិឥណ្ឌាក្នុងចំនួនមិនជាក់លាក់ បានចុះឈ្មោះចូលក្នុងជួរកងទ័ពរុស្ស៊ី។ ប៉ុន្តែពួកគេជាច្រើនត្រូវបានរំសាយចេញ ដែលជាលទ្ធផលនៃការអន្តរាគមន៍របស់ឥណ្ឌាជាមួយអាជ្ញាធររុស្ស៊ី។ ទាំងឥណ្ឌា និងរុស្ស៊ី មិនបានបញ្ជាក់ច្បាស់ ថាតើពួកគេត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែនដែរឬអត់នោះទេ។
ក្រសួងការបរទេសឥណ្ឌាបានប្រាប់ប្រជាជនរបស់ខ្លួន កុំឱ្យចូលរួមក្នុងតំបន់សង្រ្គាម។
ជនជាតិឥណ្ឌាជាច្រើននាក់បានប្រាប់កាសែត AFP ក្នុងខែនេះថា ពួកគេត្រូវបានទាក់ទាញឱ្យចូលរួមក្នុងជួរកងទ័ពរុស្ស៊ី តាមរយៈការសន្យាឱ្យប្រាក់ខែខ្ពស់ និងទទួលបានលិខិតឆ្លងដែនរុស្ស៊ី មុនពេលបញ្ជូនទៅកាន់សមរភូមិជួរមុខ។
ពីរឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីបានចាប់ផ្តើម ទាហានរបស់ឥណ្ឌារាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមអ៊ុយក្រែន ហើយទីក្រុងមូស្គូកំពុងស្វែងរកអ្នកប្រយុទ្ធបន្ថែមទៀតនៅទូទាំងពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា