សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្ត្រាលី នៅល្ងាចនេះ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤ អញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា “ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ” នៅប្រទេសអូស្រ្តាលី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យ ដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើក ទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ៤-៦ ខែមីនានៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។
អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រី សំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិស ដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការ អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ អាទិភាព សំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។
ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត ៕


ដោយ៖វណ្ណលុក