គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប។ ប្រធានបទដែលប្រជុំផ្សព្វផ្សាយរួមមាន៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំសំណុំឯកសារនានា ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ក) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួននៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។

ឯកឧត្តមបន្តថា គណបក្សនយោបាយមេត្តាជ្រាបឱ្យបានច្បាស់ពីពេលវេលា និងលក្ខខណ្ឌសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ រួមទាំងការងារមួយចំនួនទៀត តាមប្រធានបទដូចខាងក្រោម៖
១.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អនុលោមតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២ ខែមីនា និងត្រូវបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ ទ.១០០៨ មានផ្តល់ជូនដោយឥតគិតថ្លៃ ដែលគណបក្សនយោបាយអាចមកទទួលយកនៅទីស្តីការ គ.ជ.ប លគធ.ខប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh ក៏បាន។

ក.ភាពមានសិទ្ធិឈរឈ្មោះជាបេក្ខជន
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណសម្បត្តិដូចខាងក្រោម៖
-មានសញ្ជាតិខ្មែរពីកំណើត
-មានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤
-មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលកំណត់ដោយ ច.ប.ក
-បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកល លើក-ចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប។

ខ. ភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន
-សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល និងចៅក្រម
-សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
-អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
-សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
-សមាជិក គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោត និងមន្រ្តី បុគ្គលិកបម្រើការងាររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់
-មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិក្នុងមុខតំណែង
-មន្រ្តីបុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់
-ជនដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម-ណាមួយហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ
-ជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ដែលមានលិខិតបញ្ជាក់ពី ក្រសួង ស្ថាប័នមានសមត្ថកិច្ច
-ជនដែលត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតដោយ គ.ជ.ប
-ព្រះសង្ឃ ឬបព្វជិតសាសនា។

គ.លក្ខខណ្ឌ និងបែបបទក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
•គណបក្សនយោបាយ ត្រូវបំពេញពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨) ចំនួន ២ច្បាប់។
•ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។
•ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវភ្ជាប់មកជាមួយនូវ៖
-សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ១ (មួយ) ច្បាប់។ គណបក្សនយោបាយត្រូវផ្ញើសេចក្តីចម្លងប្រកាសនេះ ១ (មួយ) ច្បាប់ មក គ.ជ.ប ដើម្បីតម្កល់ទុក ហើយសម្រាប់ការដាក់ពាក្យសុំចុះបញ្ជីនៅ គធ.ខប គណបក្សនយោបាយគ្រាន់តែថតចម្លងសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (ទ.១០០៨)។
-ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ
-អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ និងអាសយដ្ឋានទីស្នាក់ការរបស់គណបក្សនយោបាយនៅតាមរាជធានី ឬខេត្ត ឬក្រុង ឬស្រុក ឬខណ្ឌ
-បញ្ជីរាយនាមបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រភេទក្រុមប្រឹក្សានីមួយៗ។ បញ្ជីនេះត្រូវមានចំនួនបេក្ខជនពេញសិទ្ធិ និងបម្រុងដែលមានចំនួនបេក្ខជនយ៉ាងតិច ២ (ពីរ)ដង នៃចំនួនអាសនៈក្រុមប្រឹក្សាណាមួយដែលគណបក្សនយោបាយនោះ មានបំណងចូលរួមប្រកួតប្រជែង
-សេចក្តីបញ្ជាក់ពីអាជ្ញាធរឃុំ សង្កាត់ អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យ បោះឆ្នោតណាមួយក្នុងឃុំ សង្កាត់ដែលសាមីបេក្ខជននោះបានចុះឈ្មោះបោះឆ្នោត
-សេចក្តីប្រកាសរបស់គណបក្សនយោបាយថា ចូលរួមបោះឆ្នោត និងទទួលយកលទ្ធផល បោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងចូលរួមអនុវត្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា-ស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្តីពីវិសោធនកម្ម-ច្បាប់បោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា-ខណ្ឌ និងក្រមសីលធម៌របស់ គ.ជ.ប
-សេចក្តីប្រកាសរបស់បេក្ខជនយល់ព្រមឱ្យគណបក្សនយោបាយតែងតាំងខ្លួនជាបេក្ខជន ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

គួរបញ្ជាក់ថា មកទល់ពេលនេះមានគណបក្សនយោបាយចំនួន២ហើយ ដែលបានដាក់ពាក្យស្នើសុំប្រើប្រាស់កម្មវិធីរៀបចំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយ គ.ជ.ប គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner