ស្ត្រីពីររូបប្រជែងតំណែងប្រធានាធិបតីម៉ិកស៊ីក

ថ្ងៃសុក្រនេះ គឺជាថ្ងៃដំបូង នៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី នៅប្រទេសម៉ិកស៊ីក ខណៈដែលស្ត្រីពីររូប គឺជាគូប្រកួតប្រជែង ដ៏ស្វិតស្វាញ។

ស្ត្រីពីររូបនេះ រួមមាន លោកស្រី Claudia Sheinbaum អតីតអភិបាលក្រុងម៉ិកស៊ិក ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតី រៀបចុះចេញពីតំណែង គឺលោក Andres Manuel Lopez Obrador។ ស្ត្រី វ័យ៦១ឆ្នាំ រូបនេះ តំណាងឲ្យបក្សកាន់អំណាច «Morena»។ រីឯស្ត្រីមួយរូបទៀត គឺលោកស្រី Xochitl Galvez វ័យ៦១ឆ្នាំ ដូចគ្នា តំណាងឲ្យ «សម្ព័ន្ធបក្សប្រឆាំង»។ លោកស្រីគឺជាអ្នកជំនួញ មានដើមកំណើត ជាជនជាតិដើមភាគតិច។ អាវុធដ៏សំខាន់ប្រកួតប្រជែងរកសម្លេងឆ្នោតរបស់លោកស្រី ផ្តោតលើ «បញ្ហាអសន្តិសុខ» ខណៈតួលេខផ្លូវការបង្ហាញថា មនុស្សជិត៤៥ម៉ឺននាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសម៉ិកស៊ិក តាំងពីរដ្ឋាភិបាលបានដាក់ពង្រាយយោធាធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០០៦។

យ៉ាងណាមិញ ក្រៅពីស្ត្រីទាំងពីររូប ក៏មានដៃគូប្រជែងដ៏សំខាន់ម្នាក់ទៀត ដែលមកពីខាងប្រឆាំងដែរ គឺលោក Jorge Alvarez វ័យ៣៨ឆ្នាំ តំណាងគណបក្ស «ចលនាពលរដ្ឋ»។

ការស្ទាបស្ទង់មតិសាធារណៈបង្ហាញថា លោកស្រី Claudia មកពីបក្សកាន់អំណាចបច្ចុប្បន្ន នាំមុខគេ ជាមួយនឹងការគាំទ្រ ៦៣ ភាគរយ ខណៈដែលលោកស្រី អ្នកជំនួញមកពីសម្ព័ន្ធបក្សប្រឆាំង មានត្រឹម ៣១ភាគរយ ហើយលោក Alvarez ស្ថិតក្នុងលំដាប់ទី៣។

ការបោះឆ្នោតសកល នៅប្រទេសម៉ិកស៊ីក គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner