យុទ្ធនាការបាញ់ថ្នាំមូសរយៈពេលប្រាំបួនថ្ងៃអនុវត្ត រួច៦៤ សង្កាត់នៃប្រាំមួយខណ្ឌ
ភ្នំពេញ៖ដោយយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន ខណៈនៃ ការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់វិធានបន្ទាន់ដោយចាត់ ឱ្យ ក្រុម ការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងមានកិច្ច សហការ ពីកងពលតូចលេខ៧០ផងបានចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ទូទាំងរាជធានីភ្នំពេញអនុវត្តដំបូងផ្តោតលើសង្កាត់,ខណ្ឌដែលមានហានិភ័យខ្លាំងជាមុនគិតត្រឹមថ្ងៃទី៣ខែមីនាក្រុមការងារអនុវត្តបាននៅសង្កាត់ចំនួន៦៤នៃ១០៥សង្កាត់លើប្រាំមួយខណ្ឌ ។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានី ភ្នំពេញបានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល អាជ្ញាធរ ខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០បានធ្វើយុទ្ធនាការយ៉ាង សកម្មបាញ់ថ្នាំមូសដើម្បីបំបាត់ជម្រកមូសខ្លា។ គិតដល់ថ្ងៃទី៣ ខែមីនា ក្រុមការងារបានចុះបាញ់ថ្នាំនៅខណ្ឌដែលមានការប្រឈម នឹងជំងឺគ្រុនឈាមជាមុន ដោយអនុវត្តបាន ៦៤សង្កាត់ លើ១០៥ សង្កាត់ ក្នុងចំនួន១១ខណ្ឌ នៃ១៤ខណ្ឌ ។បានបាញ់ថ្នាំរួចរាល់ចំនួន ប្រាំមួយ ខណ្ឌក្នុងនេះមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌព្រែកព្នៅ ។ក្រុមការងារនឹងបន្តបាញ់នៅខណ្ឌផ្សេងទៀត ជាបន្តបន្ទាប់។

ជាមួយគ្នានេះលោកប្រធានមន្ទីរសុខាភិបាល បានអំពាវនាវដល់ប្រជា ពលរដ្ឋ រស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ ជម្រកមូសខ្លា ដូចជា ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ជាដើម។រួមគ្នាលុបបំបាត់ជម្រកមូសខ្លានៅក្នុងសហគមន៍ដើម្បី រួម ចំណែក ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម៕
អត្ថបទ៖ហេង សម្បត្តិ
រូបថត៖ ថេត សម្បត្តិ


