យន្តហោះយោធាដឹកទំនិញអាមេរិក ទម្លាក់ជំនួយដល់តំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកម្នាក់និយាយថា យន្តហោះដឹកទំនិញយោធាអាមេរិកចំនួន៣គ្រឿងបានទម្លាក់ស្បៀងអាហារពីលើអាកាស ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈដែលទឹកដីឆ្នេរសមុទ្រមួយនេះ ប្រឈមមុខនឹងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមជាច្រើនខែ។

មន្ត្រីទីបញ្ជាការកណ្តាលអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា យើងបានទម្លាក់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ដោយប្រើប្រាស់យន្តហោះ C-130 របស់កងទ័ពអាកាសអាមេរិកចំនួន៣គ្រឿង ដើម្បីផ្តល់ជំនួយដល់ជនស៊ីវិលដែលរងផលប៉ះពាល់ ដោយសារជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រុមអ្នកសម្របសម្រួលកិច្ចចរចាមកពីអេហ្ស៉ីប កាតា និងសហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរកបទឈប់បាញ់មួយសម្រាប់តំបន់ហ្គាហ្សា នៅមុនខែរ៉ាម៉ាឌន ជាខែតមអាហាររបស់អ្នកកាន់សាសនាអ៊ីស្លាម ដែលអាចនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ឬ១១ ខែមីនា សំដៅបញ្ឈប់ផែនការវាយលុកចូលទីក្រុង Rafah របស់យោធាអ៊ីស្រាអែល។

បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ អ៊ីស្រាអែលបានយល់ព្រមទទួលយកភាគច្រើននៃសំណើ ពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេល ៦សប្ដាហ៍នៅក្នុងសង្រ្គាមហ្គាហ្សា ហើយឥលូវនេះ គឺវាអាស្រ័យទៅលើក្រុមហាម៉ាស់ ព្រមដោះលែងចំណាប់ខ្មាំងដែរឬក៏អត់ ដើម្បីឱ្យបទឈប់បានេះញ់ចូលជាធរមាន។

ប្រភពមួយស្និទ្ធនឹងក្រុមហាម៉ាស់ក៏បានឱ្យដឹងដែរថា ប្រតិភូក្រុមហាម៉ាស់នឹងផ្ដល់ចម្លើយរបស់ខ្លួន ចំពោះសំណើជុំវិញផែនការបទឈប់បាញ់ ដែលត្រូវបានលើកយកទៅពិភាក្សាក្នុងទីក្រុងប៉ារីស កាលពីខែកុម្ភៈកន្លងទៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner