រដ្ឋបាលខេត្តកែបប្តេជ្ញារក្សាពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននិងឈានទៅដណ្តើមពានរង្វាន់ផ្សេងទៀត
កែប ៖ ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោម ប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” និងពិធីដង្ហែពានរង្វាន់ ជ័យលាភី “ក្រុងកែប ខេត្តកែបទទួលបានពានរង្វាន់ស្តងដារទីក្រុង ទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២៤- ២០២៦ ដែលបានរៀបចំធ្វើ ឡើងនៅបរិវេណខាងមុខឆ្នេរខ្សាច់កម្សាន្តស្រី ស កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បាន បញ្ជាក់ថា ខេត្តកែបមានកិត្តិយសបំផុតដែលទទួលបានពាន រង្វាន់ទី ក្រុងទេសចរណ៍ស្អាតអាស៊ាន ។ ការទទួលបានពានរង្វាន់នេះ ក៏ដោយ សារតែការសហការចូលរួមពីមន្ត្រីរាជការ កងកម្លាំង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត សិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ ប្រជាពលរដ្ឋដែលបានយកចិត្តទុកដាក់ថែរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមប្តេជ្ញាចិត្តថែរក្សាពានរង្វាន់នេះឱ្យបាននៅពេលបន្តបន្ទាប់ទៀត។

ក្នុងឳកាសនេះដែរ ប្រធានមន្ទីរបរិស្ថានខេត្តកែប លោក អ៊ឹន សៅ បានបញ្ជាក់ក្នុងនាមមន្ទីរជំនាញ កន្លងមកបានយកចិត្តទុកដាក់យ៉ាង ខ្លាំងលើបញ្ហាសម្អាតអនាម័យបរិស្ថាន តាមរយៈការផ្តល់រថយន្តដឹក សំរាម និងអាងស្តុកសំរាម ដាក់នៅតាមទីប្រជុំជនដើម្បីធានាការងារ ទុកដាក់សំរាមឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកបានបន្ថែមថា បន្ទាប់ ពី ខេត្តកែបមានទីលានកប់សំរាមរួចមក ក្រុងកែប កាន់តែមាន សោភណភាព ស្អាតទាក់ទាញ។

និស្សិតមកពីសាលាដុន បូស្កូ ខេត្តកែបបានបង្ហាញចំណាប់ អារម្មណ៍ របស់ខ្លួនថា ពួកគេរំភើប និងមានមោទកភាពក្រៃលែង ដែលខេត្ត កែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ ពួកគេ នឹងចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ពិសេសចូលរួមរក្សាទុកដាក់ សំរាមឱ្យ បានល្អ។

ខេត្តកែបទទួលបានពានរង្វាន់ទីក្រុងស្អាតផ្ការំដួង៣ទង ៣លើក ជាប់ៗគ្នា ទទួលបានពានរង្វានទីក្រុងទេសចរណ៍ស្អាត អាស៊ាន ២លើក និងពានរង្វាន់ខ្យល់ស្អាត និងទីក្រុងនិរន្តរភាព បរិស្ថានស្អាតអាស៊ាន ៕
អត្ថបទនិងរូបភាព៖ សិលា សារិន

