មន្ត្រីរាជការ និងគ្រូបង្រៀនជាង ១៥០០នាក់ក្នុងខេត្ត កំពត ទទួល ការពិនិត្យភ្នែក និងផ្តល់វ៉ែនតា
កំពត៖ក្រុមគ្រូពេទ្យភ្នែកកម្ពុជាបានរៀបចំកម្មវិធីពិនិត្យភ្នែកនិង ផ្តល់ វ៉ែនតា ជូន មន្ត្រីរាជការគ្រូបង្រៀនដោយឥតគិតថ្លៃដោយមានការ ចូលរួមពី ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និង សំណង់ និងលោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ។

លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកគៀនឃ្លាំង, ពេទ្យ ភ្នែក កម្ពុជា និងជាប្រធានផ្នែកភ្នែក នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) បានឱ្យដឹងថា ការចុះពិនិត្យភ្នែក ចែកវ៉ែនតា ជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងទាំងបីប្រភេទ ដោយឥតគិតថ្លៃនេះបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១១ ។ចំណែក ការចុះពិនិត្យភ្នែក និងចែកវ៉ែនតានៅក្នុងខេត្តកំពតនាពេលនេះ គឺជា លើកទី៧៩ហើយ ដែលមានអ្នកចុះឈ្មោះចូលពិនិត្យជាង ១ ៥០០ នាក់។

គោលបំណងនៃសកម្មភាពក្រុមគ្រូពេទ្យនាពេលនេះ ទី១. ដើម្បីជួយ សម្រួលដល់ការប្រកបការងាររបស់មន្ត្រីរាជការ ព្រោះមន្ត្រីរាជការមួយ ចំនួនត្រូវការវ៉ែនតាជាចាំបាច់។ទី២.ចង់ឱ្យមន្ត្រីរាជការទទួលបាន ការវាស់ភ្នែកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងទី៣.ចូលរួមកាត់បន្ថយអត្រាពិការភាព។នេះជាការបញ្ជាក់របស់លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន។

ក្នុងពិធីនេះដែរឯកឧត្តម រ័ត្ន វិរៈ បានថ្លែងថា សុខភាពភ្នែកពិតជា សំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។បើភ្នែកមានបញ្ហាយើង នឹងមានផលលំបាកក្នុងការធ្វើការងារប្រចាំថ្ងៃ។ ដូច្នេះសូមមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់គិតគូពីបញ្ហាសុខភាពភ្នែក
។
សូមជម្រាបថា ពិធីពិនិត្យភ្នែកបានប្រព្រឹត្តទៅនៅសាល សន្និសីទ បូកគោសាលាខេត្តកំពតកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។
៕ដោយ ៖ សិលា សារិន

