ផ្ទុះការតវ៉ានៅទីតាំងផ្ទុកសារធាតុគីមីនៅបារាំង

ប៉ារីស៖ មន្ត្រីបារាំងក្នុងតំបន់និយាយថា សកម្មជនបរិស្ថានបានទម្លុះចូលទីតាំងផ្ទុកសារធាតុគីមីមួយកន្លែង នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងការផលិតនូវអ្វីដែលពួកគេហៅថា “សារធាតុគីមីជារៀងរហូត” ឬត្រូវបានគេស្គាល់ជាទូទៅថា PFAS ហើយជាលទ្ធផលនោះ មនុស្ស៨នាក់ត្រូវបានចាប់ខ្លួន។

អ្នកនាំពាក្យក្រុមរៀបចំការតវ៉ានេះនិយាយថា មនុស្សប្រហែល ៣០០ នាក់មកពីក្រុម Extinction Rebellion និងក្រុមយុវជនដើម្បីអាកាសធាតុ បានកាត់របងដើម្បីចូលទៅកាន់បរិវេណក្រុមហ៊ុនផលិតគីមី Arkema នៅរោងចក្រ Pierre-Benite ក្បែរទីក្រុងលីយ៉ុង ភាគអាគ្នេយ៍ប្រទេសបារាំង។ ប៉ុន្តែប៉ូលិសនិយាយថា បាតុករទាំងនោះមានគ្នាប្រហែល ១៥០នាក់ប៉ុណ្ណោះ។

នៅពេលចូលដល់ខាងក្នុង ក្រុមអ្នកតវ៉ាបាននាំគ្នាដាក់ពង្រាយបដា និងផ្ទាំងគំនូរដែលលាបពណ៌ រួមទាំងអក្សរ “PFAS ប្រាប់ពីការពិត” និង “Arkema កំពុងបំពុលយើង”។ បើតាមអ្នកនាំពាក្យក្រុមតវ៉ានេះ ពួកគេចង់ឱ្យបិទទ្វារទីតាំងផ្ទុកសារព័ត៌មានគីមីជារៀងរហូត ហើយថា ទីតាំង Arkema កំពុងចាក់ពួកវាចូលទៅក្នុងទឹកទន្លេ Rhone។ កន្លងមក ក្រុមហ៊ុន Arkema ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រ Pierre-Benite នឹងឈប់ប្រើប្រាស់សមាសធាតុគីមី PFAS ដើម្បីផលិតផលិតផលរបស់ខ្លួននៅចុងឆ្នាំ២០២៤នេះ។

ការតវ៉ាខាងលើនេះកើតឡើង នៅពេលដែលក្រុមហ៊ុនផលិតគីមីមួយផ្សេងទៀត គឺក្រុមហ៊ុន Daikin កំពុងស្វែងរកការកសាងកន្លែងផលិតថ្មីនៅក្បែរនោះ ដែលបង្កឱ្យមានការតវ៉ាពីអ្នកស្រុកផងដែរ។ អាជ្ញាធរក្នុងតំបន់និយាយថា ទីតាំងថ្មីរបស់ Daikin នឹងមិនបង្ហូរសារធាតុគីមី PFAS ចូលទៅក្នុងទឹកទេ មិនដូចនឹងក្រុមហ៊ុន Arkema ដែលត្រូវបានអនុក្រឹត្យកាលខែកញ្ញា ឆ្នាំ២០២២ អំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ PFAS surfactants នៅត្រឹមចុងឆ្នាំ២០២៤នេះ។

អាជ្ញាធរការពារបរិស្ថាន (EPA) ក៏បានបញ្ជាក់ដែរថា ខ្លួននឹងហាមឃាត់សារធាតុ perfluoroalkyl និង polyfluoroalkyl យូរអង្វែង ដែលត្រូវបានគេស្គាល់ថា PFAS ឬ «សារធាតុគីមីជារៀងរហូត» នៅត្រឹមឆ្នាំ២០២៧។ ដោយរកឃើញនៅក្នុងរបស់របរផ្សេងៗដូចជា ក្រែមលាបក្រចក ក្រែមកោរសក់ ម្ស៉ៅទ្រនាប់ ក្រែមលាបបបូរមាត់ និងម៉ាស្ការ៉ា សារធាតុ PFAS នឹងធ្វើឱ្យផលិតផលទាំងអស់នេះកាន់តែប្រើប្រាស់បានយូរ ងាយសាយភាយ ហើយធន់នឹងទឹក។ ការសិក្សាបានផ្សារភ្ជាប់សារធាតុគីមីនេះ ជាមួយនឹងជំងឺមហារីក អារ ឬ (ភាពគ្មានកូន) និងការប៉ះពាល់ដល់បរិស្ថាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner