SpaceX ពន្យារពេលបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយ ISS

វ៉ាស៊ីនតោន៖ ការបាញ់បង្ហោះយានអវកាស ដែលបានគ្រោងទុកនៅថ្ងៃទី០២ ខែមីនានេះ សម្រាប់បេសកកម្មនាំយកអវកាសយានិកអាមេរិក៣រូប និងរុស្ស៊ីមួយរូបទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ISS ត្រូវបានពន្យារពេល ដោយសារតែកត្តាអាកាសធាតុមិនអំណោយផល។

យានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាស ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center ស្ថិតក្នុងរដ្ឋ Florida។ ប៉ុន្មានម៉ោងមុនការបាញ់បង្ហោះដែលបានគ្រោងទុកនៅយប់ថ្ងៃទី០២ ខែមីនា ក្រុមហ៊ុន SpaceX បានបង្ហោះនៅលើបណ្តាញសង្គម X ថា ខ្យល់បក់បោកខ្លាំង បានបង្ខំឱ្យពន្យារពេលសិន។

វាគឺជាការពន្យារពេលចុងក្រោយបំផុតសម្រាប់ការបាញ់បង្ហោះយានអវកាសរបស់ SpaceX ដែលដំបូងឡើយត្រូវបានគ្រោងទុកនៅថ្ងៃទី២២ ខែកុម្ភៈ។ ទោះបីជាយ៉ាងណា អង្គការ NASA បានអះអាងថា ទីភ្នាក់ងារអវកាសអាមេរិកនេះ បានសម្រេចយកថ្ងៃទី០៣ ខែមីនា នៅម៉ោង ១០និង៥៣នាទីយប់ (ម៉ោងក្នុងតំបន់) ដើម្បីបាញ់បង្ហោះវិញ។

គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី Elon Musk កំពុងផ្តល់សេវាកម្មបញ្ជូនអវកាសយានិកសម្រាប់ NASA ឡើងទៅកាន់ទីអវកាស ចាប់តាំងពីឆ្នាំ២០២០ ស្ថិតក្រោមកម្មវិធី Commercial Crew របស់ NASA ខណៈដែលកម្មវិធីគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Boeing មិនទាន់ដំណើរការនៅឡើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner