សាលាបឋមសិក្សាភូមិចុងស្ពានមានអគារសិក្សាថ្មីមួយខ្នង
សៀមរាប៖អគារសិក្សាឈើមួយខ្នង មានបួនបន្ទប់ ជាជំនួយរបស់ ក្រុមអន្តរជាតិឡាយអិនក្លឹប ៣៥៦អេហ្វតាមរយៈអង្គការមិត្ដ កម្ពុជា ស្ថិតនៅសាលាបឋមសិក្សាភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្ដ សៀមរាបបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បានអបអរសាទរចំពោះសមិទ្ធផលថ្មី និងបានអរគុណដល់ សប្បុរស ជនប្រទេសកូរ៉េខាងត្បូងដែលបានជួយលើវិស័យអប់រំនៅតំបន់ជនបទ។លោកបានលើកទឹកចិត្តសូមបន្តជួយថែម ទៀតដល់កម្ពុជា។ពិសេសជំនួយជាអគារសិក្សាគឺជាការជួយដ៏សារសំខាន់ខណៈកម្ពុជាកំពុងតែមានសេចក្តីត្រូវការ បើទោះជារាជរដ្ឋាភិបាល បានសាងសង់ ជាច្រើនមកហើយក្តី។

លោកបន្តថាវិស័យអប់រំមានតួនាទីយ៉ាងសំខាន់ពិសេសលើកុមារតូចដែលពួកគេត្រូវតែបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានខិតខំធ្វើការសាងសង់អគារសិក្សា, បង្កើតឱ្យមាន សាលារៀននៅគ្រប់មូលដ្ឋាន ដែលធ្វើឱ្យមានភាពងាយស្រួលដល់ កុមារ តូចៗក្នុងការធ្វើដំណើរទៅរៀនសូត្រ។

សូមជម្រាបថា អគារសិក្សានេះធ្វើពីឈើមានបួនបន្ទប់ និងសមិទ្ធផល ជាច្រើនទៀតដែលជាអំណោយក្រុមសប្បុរសជន ប្រទេសកូរ៉េ នៃ អន្ដរជាតិឡាយអិនក្លឹប។
យោងតាមរបាយការណ៍ របស់អង្គការមិត្ដកម្ពុជាឱ្យដឹងថា ក្រុម អន្ដរជាតិ ឡាយអ៊ិនក្លឹបនៃប្រទេសកូរ៉េខាងត្បូង បានជួយអភិវឌ្ឍន៍ វិស័យអប់រំ ពិសេសសាងសង់អគារសិក្សាចំនួនបួនខ្នង និងជួយ សាងសង់ ផ្ទះប្រជាពលរដ្ឋនៅភូមិចុងស្ពាន ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ សរុបជាថវិកាជាង២១ម៉ឺនដុល្លារអាមេរិក ៕
អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

