សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលតែងគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតែងគាំទ្រសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការចេញសារគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាកម្ពុជាពុំមានសន្តិភាពនោះទេ កម្ពុជា ក៏ពុំមានអ្វីៗដូចសព្វថ្ងៃនេះដែរ។ សម្តេចបានមានប្រសាសន៍បន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់នៅពេលនេះ បានបង្ហាញឱ្យឃើញថា ខ្មែរនៅទីណាក៏ដោយ ក៏តែងស្រឡាញ់និងគាំទ្រសុខសន្តិភាពដែរ ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងដែរថា រាជរដ្ឋាភិបាលគ្មានគោលនយោបាយលើកទីក្រុងភ្នំពេញទៅកាន់ទីតាំងផ្សេងនោះទេ។ សម្ដេចថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានភាពរីកចម្រើនខ្លាំងណាស់ ទាំងនៅប៉ែកខាងកើតទន្លេមេគង្គ និងប៉ែកខាងជើងក៏កំពុងចាប់ផ្កើមរីកចម្រើនជាបណ្តើរៗ ហើយពីមុនឱ្យតែតំបន់ណាមានការអភិវឌ្ឍ គឺត្រូវកាត់ចូលរាជធានីភ្នំពេញ ដែលធ្វើឱ្យខេត្តកណ្តាលកាន់តែរួមតូចទៅៗ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ គឺរាជរដ្ឋាភិបាល នៅបន្តធ្វើបន្ថែមទៀត ពីព្រោះសុខសន្តិភាពយើងមាន ស្ថិរភាពយើងមាន ហើយយើងនឹងនៅបន្តបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្របន្តទៀត នៅលើទឹកដីអង្គររបស់កម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នេះជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ៕
ដោយ ៖ វណ្ណលុក
