ពលរដ្ឋ និង បុគ្គលិករោងចក្រ គាំទ្រឱ្យប្រើប្រាស់ឧបករណ៍វាស់ស្ទង់គុណភាពទឹកស្វ័យប្រវត្តិតាមរោងចក្រ សហគ្រាស
ភ្នំពេញ៖ តាមរយៈការបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសនោះត្រូវបានពលរដ្ឋ និងថ្នាក់ដឹកនាំរោងចក្រមួយចំនួនបង្ហាញការគាំទ្រដោយចាត់ទុកថា វាជាការជួយលើកស្ទួយគុណភាពទឹកនៅកម្ពុជា ក៏ដូចជាជួយសុខភាពពលរដ្ឋ។
គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤កន្លងមក ក្រសួងបរិស្ថានបានបើកយុទ្ធនាការទាក់ទិនផ្សព្វផ្សាយ សម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស។
អ្នកស្រី សែន នារីរដ្ឋា បុគ្គលិកធ្វើការនៅក្រុមហ៊ុន ជីនហួយខេមបូឌា នៅខេត្តព្រះសីហនុ បានឱ្យដឹងថា ពិតជារឿងមួយដ៏ល្អដែលមានការសម្អាតទន្លេកុំឱ្យមានសំរាម និងពិសេសថង់ប្លាស្ទិកដែលបង្កឱ្យខូចដល់គុណភាពទឹក។ក្រៅពីនេះចំពោះការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រដើម្បីបង្កាបំពុលទឹកកខ្វក់ចូលទឹកក្នុងទឹកទន្លេនោះជាការមួយល្អណាស់ពីព្រោះថាក្រៅពីចូលរួមជួយដល់ទឹកស្អាត ហើយនៅជួយដល់សុខភាពពលរដ្ឋប្រើប្រាស់ប្រភពទឹកទាំងនោះថែមទៀត។
លោក ស៊ូ ឡុង អ្នករស់នៅខេត្តព្រះសីហនុដែរបាន បង្ហាញការគាំទ្រក្នុងយុទ្ធនាការមួយនេះដោយចាត់ទុកថាជាការមួយយ៉ាងល្អ ពីព្រោះក្រៅពីជួយដល់បរិស្ថានហើយនៅជួយដល់គុណភាពទឹកដែលជាប្រភពការប្រើប្រាស់ពលរដ្ឋថែមទៀត។ជាមួយគ្នាលោកសំណូមពរឱ្យពលរដ្ឋ ក៏ដូចជាមន្រ្តីថ្នាក់ក្រោមជាតិ និងមន្រ្តីថ្នាក់ជាតិចូលរួមកិច្ចអភិរក្សទឹកនៅកម្ពុជាឱ្យបានស្អាតល្អជានិច្ចចៀសវាងការបំពុលដោយសារជាតិគីមី។
លោកបានសំណូមពររោងចក្រទាំងអស់មិនត្រូវបង្ហូរទឹកកខ្វក់ចូលក្នុងប្រភពទឹកដូចជា បឹង និងទន្លេនានាដែលជាការបំផ្លាញសុខភាពអ្នកប្រើប្រាស់ដោយប្រការណាមួយ។
លោក លី គីត ដែលជាអ្នកធ្វើការរោងចក្រនៅសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា កម្ពុជាជាប្រទេសកំពុងបោះជំហ៊ានមួយទៅរកការរីកចម្រើនស្ទើរគ្រប់វិស័យហេតុនេះកិច្ចការពារទឹកស្អាតគឺជារឿងមួយមិនអាចមើលរំលងបានទេ។ក្រៅពីនេះប្រភពទឹកស្អាតក៏ជាផ្នែកមួយក្នុងការទាក់ទាញវិស័យទេសចរណ៍ផងដែរ។
ជាមួយគ្នាលោកបានលើកឡើងផងដែរថា”មានរោងចក្រខ្លះបានបង្ហូរទឹកកខ្វក់ទៅកាន់ប្រភពទឹកទន្លេ និងបឹងនានាដែលវាបង្កការប៉ះពាល់ដល់អ្នកប្រើប្រាស់ទឹក។ទឹកដែលបញ្ចេញពីរោងចក្រមួយចំនួនវាបង្កការប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ហេតុនេះបើយើងមានឧបករណ៍តាមដានស្វ័យប្រវត្តិ គឺអាចនឹងជួយកាត់បន្ថយ ការបញ្ចេញកាកសំណល់មិនល្អដល់ប្រភពទឹកយើង។ ទាំងនេះគឺជារឿងមួយគេមិនអាចមើលរំលង និងគ្រប់បណ្តារោងចក្រ សហគ្រាសត្រូវចូលរួមទាំងអស់គ្នា។
ដោយឡែក លោក ពិល រិទ្ធី អ្នកធ្វើការរោងចក្រនៅសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយនេះដែរបានឱ្យដឹងថា រោងចក្រសហគ្រាសត្រូវចៀសវាងបំពុលទឹកកខ្វក់ចូលក្នុងប្រភពទឹកពលរដ្ឋប្រើប្រាស់និងព្រមជាមួយគ្នាពលរដ្ឋក៏មិនត្រូវបោះចោលសំរាម ឬប្លាស្ទិកក្នុងប្រភពទឹកនោះដូចគ្នាដែលបង្កការប៉ះពាល់ដល់ទឹកប្រើប្រាស់។ម្នាក់ៗត្រូវចូលរួមឱ្យបានដាច់ខាត។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា គុណភាពទឹកត្រូវតែស្អាត បើទឹកមិនស្អាតទេសុខភាពរបស់ពលរដ្ឋ និងការស្រោចស្រពដំណាំ និងការប្រើប្រាស់ផ្សេងៗទៀតក៏មានបញ្ហាដូចគ្នាទាំងអស់។ក្នុងយុទ្ធនាការនេះឯកឧត្តមរំពឹងថានឹងជួយដល់ពលរដ្ឋមិនជួបបញ្ហាទឹកប្រើប្រាស់ទាំងបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ចំពោះរោងចក្រ សហគ្រាសដែលចង់ទិញឧបករណ៍នេះគឺក្រសួងបានបញ្ចុះតម្លៃឱ្យ៥០ភាគរយដោយក្នុងនេះមានអង្គការនិងភាគីពាក់ព័ន្ធមួយចំនួនបានជួយក្នុងរឿងនេះរួចមកហើយ ដើម្បីធ្វើយ៉ាងនាជំរុញឱ្យរោងចក្រ សហគ្រាស បំពាក់ឧបករណ៍ទាំងនេះក្នុងកិច្ចការពារបំពុលទឹកដោយប្រការណាមួយ។ក្រៅពីនេះអង្គការដែលមកពីសហរដ្ឋអាមេរិក ថៃ និងចិនបានជួយអភិវឌ្ឍន៍នូវAPPដើម្បីបានលទ្ធផលពីឧបករណ៍ទាំងនោះបញ្ជូនទិន្នន័យផ្ទាល់មកក្រសួងបរិស្ថានទៀតផង។
ឯកឧត្តមបានបញ្ជាក់ថា ឧបករណ៍វាស់ស្ទង់គុណភាពទឹកស្វ័យប្រវត្តិបានផ្តល់ផល ប្រយោជន៍ខ្លាំងណាស់។ក្នុងនេះដូចជាចុះតម្លៃ៥០ភាគរយនៅពេលបំពាក់ និងជួយរោងចក្រមិនចាំបាច់មកស្នើសុំបញ្ចេញទឹកកខ្វក់ទៀតទេ ព្រោះយើងមានឧបករណ៍រួចទៅហើយគេអាចបញ្ចេញបាននៅពេលត្រូវតាមគុណភាពស្តង់ដារនោះ។ក្រៅពីនេះបើទឹកមានបញ្ហាក្រសួងបរិស្ថានក៏មានភាពងាយស្រួលដែរពោលគឺនឹងឱ្យម្ចាស់រោងចក្រធ្វើការកែប្រែគុណភាពទឹករបស់ខ្លួនភ្លាមៗមិនចាំបាច់យូរឡើយ៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖លោក ងីម ឆៃហួត

