តំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ បានទាក់ទាញមនុស្ស រាប់ម៉ឺននាក់ចូលកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ថ្មីៗបំផុតមកនេះ តំបន់ឧទ្យាន ទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំបានទាក់ទាញ ឱ្យប្រជាពលរដ្ឋរបស់ម៉ឺននាក់បាននាំចូលមកកម្សាន្តសប្បាយរីករាយ ។
បើតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃអាទិត្យទី០៣ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថា មានប្រជាពលរដ្ដ ភាគច្រើនជាកុមារ ចំនួនប្រមាណ ១ម៉ឺននាក់ បានមកជិះទោងកម្សាន្ត នៅតំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា តំបន់ជិះទោងកម្សាន្តនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីការរៀបចំ តំបន់ទេសភាព ការដាំផ្កាស្បែរឿង ១លានគុម្ព ដែលមិនត្រឹមជាកន្លែងកម្សាន្ត សម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនគត គម្រោងអភិវឌ្ឍន៍ឧទ្យានទន្លេស្ងួត នឹងជួយតំបន់ទន្លេស្ងួត ពីមុនមានភាពស្ងប់ស្ងាត់ ក្លាយជាទីកន្លែង ទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។
ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា នឹងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្ត បែបធម្មជាតិជាច្រើន និង ជា ដំ ណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ ទាត់ ) កន្លែងធម្មជាតិ តំបន់ វប្បធម៌ ប្រវត្តិសាស្រ្ត ព្រៃឈើ ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែង ចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែ ចំការប្រជា ពលរដ្ឋផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ដល់អាជ្ញាធរ មូល ដ្ឋាន គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានសម្របសម្រួលដល់ ក្រុមការ ងារជំនាញ និងសប្បុរសជន នៃប្រទេសកាណាដា ក្នុងការតម្លើងទោង នៅតំបន់ ឧទ្យាន ទន្លេស្ងួត និងបន្តចូលរួមសហការ រៀបចំតំបន់ទេសចរណ៍ ក្នុង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សម្រេចបានការសាងសង់ឡើង តាមផែនការបន្តបន្ទាប់។
សូមបញ្ជាក់ថា នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រៀបចំជាសង្រ្កាន្តឆ្នាំថ្មី ដើម្បីទទួលទេវាតាឆ្នាំថ្មី ដែលយាងមកប្រោះព្រំ ប្រជាជនប្រុសស្រី បានសេចក្តីសុខចម្រើន បវរសួសួស្តី សិរីមង្គល និងជ័យជម្នះគ្រប់ពេលវេលា និងដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី នៅតំបន់ទន្លេស្ងួត ដែលជាទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ ស្ថិតនៅក្បែរតំបន់ប្រាសាទបុរាណ វត្តព្រះធាតុបាស្រី ទីទួលបុរាណនិងកន្លែងសក្ការៈបូជា ជាច្រើនផ្សេងទៀត ដែលមានឬទ្ធិបារមី ពូកែស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង ៕
ដោយ៖ម៉ាដេប៉ូ









