ភ្នំភ្លើងក្នុងតំបន់ប្រជុំកោះដ៏ល្បី បានបញ្ចេញកម្អែ នៅអេក្វាឌ័រ
បរទេស៖ អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយកន្លែងនៅលើកោះ ដែលគ្មានមនុស្សរស់នៅ និងល្បីល្បាញ នៃប្រទេសអេក្វាឌ័រ បានបញ្ចេញកម្អែរបស់ខ្លួន ជាការគំរាមកំហែងដល់ពពួកសត្វកម្រ ជាច្រើនប្រភេទ។
កាលពីថ្ងៃអាទិត្យ វិទ្យាស្ថានភូគព្ភសាស្ត្ររបស់ប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ បាននិយាយថា ភ្នំភ្លើងនៅតំបន់ La Cumbre នៅលើកោះ Fernandina បានបញ្ចេញកម្អែ កាលពីថ្ងៃសៅរ៍។
ភ្នំភ្លើងមួយនេះមានកម្ពស់ ជិត១៥០០ម៉ែត្រ។ វាធ្លាប់បានផ្ទុះចំនួន ៣ដង ចាប់តាំងពីឆ្នាំ២០១៧មក។ ប្រជុំកោះ Galapagos ដែលមានចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ ពីដីគោកនៃប្រទេសអេក្វាឌ័រ សម្បូរដោយរុក្ខជាតិ និងប្រភេទសត្វដែលកម្របំផុត នៅក្នុងពិភពលោក។ ទីនោះ គឺជាផ្ទះសម្រាប់ប្រភេទសត្វអណ្តើកលឿង នៅលើដី ហើយ នៅឆ្នាំ២០១៩ អណ្តើកមួយប្រភេទដែលគេជឿថា បានផុតពូជត្រូវបានគេរកឃើញ នៅទីនោះ។
តំបន់ La Cumbre មានអត្រាផ្ទុះភ្នំភ្លើងខ្ពស់បំផុតមួយ ប៉ុន្តែក៏ជាទីពេញចិត្តរបស់អ្នកទេសចរ បើទោះបីជាគ្មានសណ្ឋាគារ ឬ ភោជនីយដ្ឋាន ហើយសម្រាប់តែដំណើរកម្សាន្តខ្លីៗ តាមរយៈការជិះទូក យ៉ាងណាក្តី។ វិទ្យាស្ថានភូគព្ភសាស្ត្របានណែនាំអ្នកទេសចរ ឱ្យនៅឱ្យឆ្ងាយ ប្រសិនបើមានកម្អែភ្នំភ្លើង ហូរចូលសមុទ្រ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

