សម្តេចប៉ាប Francis អង្វរសុំបទឈប់បាញ់ នៅហ្គាហ្សា

បរទេស៖ សម្តេចសង្ឃកាតូលិក Francis បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសរួមគ្នាបង្កើតកិច្ចព្រមព្រៀងមួយសម្រាប់ «បទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា» ជាអ្វីដែលសម្តេច ប៉ា លើកឡើងថា ល្មមដល់ពេលហើយ។

អំឡុងការថ្លែងសុន្ទរកថា ទៅកាន់ហ្វូងមនុស្សជាច្រើននាក់ នៅទីលាន St Peter’s សម្តេច ប៉ាប បាននិយាយពាក្យដដែលៗថា «គ្រប់គ្រាន់!» និង ពាក្យថា «សូមឈប់!» ។ សម្តេចប៉ាបបានអង្វរឲ្យមានកិច្ចព្រមព្រៀងមួយ ដែលនឹងដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងផ្តល់ជំនួយមនុស្សធម៌ ដល់ជនស៊ីវិល នៅតំបន់ហ្គាហ្សា។

សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) លើកឡើងថា «ខ្ញុំយកចិត្តទុកដាក់ក្នុងចិត្ត ជារៀងរាល់ថ្ងៃ ដោយមានទុក្ខព្រួយ ទុក្ខលំបាករបស់ប្រជាជន នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយសារតែអរិភាពដែលកំពុងកើតឡើង…មនុស្សរាប់ពាន់នាក់បានស្លាប់ រងរបួស បញ្ហាជនភៀសខ្លួន ការបំផ្លិចបំផ្លាញដ៏ធំធេង បណ្តាលឱ្យមានការឈឺចាប់ ហើយនេះគឺជាផលវិបាកយ៉ាងធំធេង លើកុមារតូច និងអ្នកគ្មានទីពឹងសម្រាប់អនាគតរបស់ពួកគេឡើយ»។

ទ្រង់បានបន្តថា «ខ្ញុំឆ្ងល់! តើអ្នកពិតជាគិតថា អ្នកនឹងកសាងពិភពលោកដ៏ប្រសើរ ជាងនេះមែនទេ? តើអ្នកពិតជាគិតថា អ្នកនឹងទទួលបានសន្តិភាពឬ? ល្មមហើយ! ចូរយើងទាំងអស់គ្នានិយាយថា ឈប់! សូមឈប់!»

សម្តេច ប៉ាប បានធ្វើការអំពាវនាវបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ទើបបាននិយាយ បង្ហាញពីការជឿជាក់ថា បទឈប់បាញ់ថ្មីមួយ និងមានរយៈពេលវែង អាចនឹងកើតមាន ក្នុងសប្តាហ៍នេះ។

ក្រសួងសុខាភិបាលបានអះអាងថា រយៈពេលជិត៥ខែមកនេះ មានមនុស្សស្លាប់ជាង៣ម៉ឺននាក់នៅហ្គាហ្សា ពោលគឺចាប់តាំងពីអ៊ីស្រាអែលវាយប្រហារសងសឹកនឹងពួកហាម៉ាស់ ដែលបានវាយឆ្មក់តំបន់មួយ ក្នុងប្រទេសអ៊ីស្រាលអែល ស្លាប់មនុស្សជាង១ពាន់នាក់ កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner