ស្វីសធ្វើប្រជាមាតិប្រាក់សោធននិវត្តន៍ និងអាយុចូលនិវត្តន៍
ហ្ស៊ឺណែវ៖ ប្រទេសស្វីស ដែលមានប្រជាជនវ័យចំណាស់ប្រឈមមុខនឹងការឡើងតម្លៃនៃការរស់នៅ នៅថ្ងៃអាទិត្យ កំពុងធ្វើប្រជាមតិលើគំនិតផ្តួចផ្តើមចំនួនពីរ ដែលនឹងផ្លាស់ប្តូរជីវិតរបស់សោធននិវត្តន៍ តាមរបៀបផ្សេងៗគ្នា។
សំណើរដើម្បីដំឡើងអាយុចូលនិវត្តន៍បន្តិចម្តងៗពី ៦៥ ទៅ ៦៦ឆ្នាំ មើលទៅហាក់ដូចជាបរាជ័យ ប៉ុន្តែសំណើទីពីរ ដែលស្វែងរកការជំរុញការបង់ប្រាក់សោធននិវត្តន៍អាចកើតឡើង។ សំណើនោះដាក់ចេញដោយសហជីពស្វីស ហើយមានចំណងជើងថា “ការរស់នៅកាន់តែប្រសើរឡើងក្នុងការចូលនិវត្តន៍” ដែលទាមទារឱ្យមានការបង់ប្រាក់សោធននិវត្តន៍ប្រចាំខែទី១៣ ជារៀងរាល់ឆ្នាំ ស្រដៀងទៅនឹងប្រាក់ខែខែទី១៣ ដែលនិយោជិតជាច្រើនទទួលបាននៅប្រទេសស្វីស និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត។
ការបង់ប្រាក់របបសន្តិសុខសង្គមប្រចាំខែនៅក្នុងប្រទេសស្វីស អាចកើនឡើងដល់ ២,៤៥០ហ្វ្រង់ស្វីស ឬប្រហែល ២,៧៨០ដុល្លារសម្រាប់បុគ្គល និង ៣,៦៧៥ហ្វ្រង់ស្វីស ឬប្រហែល ៤,១៥៦ដុល្លារសម្រាប់គូស្វាមីភរិយា។
លោក Pierre-Yves Maillard ប្រធានសហព័ន្ធសហជីពស្វីស (SGB) និងជាផ្នែកនៃយុទ្ធនាការ “Yes” និយាយថា មានវិបត្តិអំណាចបញ្ជាទិញ… អ្នកចូលនិវត្តន៍កំពុងមើលឃើញថា កម្រិតជីវភាពរបស់ពួកគេធ្លាក់ចុះ។
លោក Jakob Hauri អ្នកចូលនិវត្តន៍ដែលបានដកស្រង់សម្តីដោយយុទ្ធនាការនេះ បានយល់ស្របថា តម្លៃនៃការរស់នៅចេះតែកើនឡើង។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលស្វីស បានបញ្ជាក់ថា សំណើដែលបានស្នើឡើងទាំងនេះ នឹងត្រូវចំណាយច្រើនជាង៤ពាន់លានហ្វ្រង់ស្វីសក្នុងមួយឆ្នាំ និងព្រមានថា វានឹងតម្រូវឱ្យមានការដំឡើងពន្ធ និងអាចគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ នៃប្រព័ន្ធរបបសន្តិសុខសង្គមផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


