បណ្តេញមនុស្សជាង១ពាន់នាក់ ចេញពីទីតាំងអណ្តូងរ៉ែមាស នៅវេណេស៊ុយអេឡា

ការ៉ាកាស៖ ទាហានវេណេស៊ុយអេឡាបានបណ្តេញមនុស្សជាង ១២០០នាក់ ភាគច្រើន ជាកុមារ ចេញពីតំបន់អណ្តូងរ៉ែមាសខុសច្បាប់ ដែលទើបកើតហេតុការណ៍ បាក់ដួលរលំ ស្លាប់មនុស្ស ១៦នាក់។

កងកម្លាំងប្រដាប់អាវុធបាននិយាយ កាលពីថ្ងៃអាទិត្យថា ក្រុមដែលត្រូវបានបណ្តេញនេះរួមមាន ទាំងអនីតិជនចំនួន ១៣១នាក់ ផងដែរ។ ពួកគេត្រូវបានបង្ខំឲ្យចាកចេញ ពីអណ្តូងរ៉ែ Bulla Loca ក្នុងតំបន់ Bolivar នៃប្លុក Amazon។

ឧត្តមសេនីយ Domingo Hernandez Larez មេបញ្ជាការនៃប្រតិបត្តិការកម្លាំងប្រដាប់អាវុធបាននិយាយថា «ការការពារធម្មជាតិ គឺជាភារកិច្ចរបស់មនុស្សគ្រប់រូប»។ លោកបន្តថា «ការបណ្តេញចេញកំពុងបន្តធ្វើ ហើយនេះគឺជាការរុះរើរចនាសម្ព័ន្ធរុករករ៉ែខុសច្បាប់ ដែលបានសាងសង់នៅក្នុងព្រៃអភិរក្ស»។

គួរឲ្យដឹងថា តំបន់នេះសម្បូរទៅដោយមាស ពេជ្រ ដែក បុកស៊ីត រ៉ែថ្មខៀវ និងកូលតាន់។ ក្រៅពីសកម្មភាពជីករករ៉ែ របស់រដ្ឋ ក៏មានឧស្សាហកម្មចម្រាញ់ ដោយខុសច្បាប់ផងដែរ។

កាលពីខែកុម្ភៈ មនុស្ស ១៦នាក់បានស្លាប់ ក្នុងព្រឹត្តិការណ៍បាក់រលំអណ្តូងរ៉ែ ក្នុងរូងភ្នំ។ កាលពីខែធ្នូ ឆ្នាំមុន មនុស្ស ១២ នាក់បានស្លាប់ ក្នុងពេលដែលអណ្តូងរ៉ែមួយនៅក្នុងសហគមន៍ជនជាតិដើមភាគតិច Ikabaru ក្នុងតំបន់ដូចគ្នានេះ បានដួលរលំ។

អង្គការ SOS Orinoco និយាយថា យ៉ាងហោចណាស់មនុស្ស៥៤ នាក់បានស្លាប់ នៅក្នុងឧបទ្វេហេតុបាក់រលំអណ្តូងរ៉ែមាស ចំនួន ១៧លើក នៅក្នុងតំបន់នោះ ចន្លោះឆ្នាំ២០១៧ ដល់ ២០២២។ ក្រុមសកម្មជនបរិស្ថានរិះគន់ពីបញ្ហាអេកូឡូស៊ី ហើយថែមទាំងបានអះអាងថា នៅទីនោះ ក៏មានការកេងប្រវ័ញ្ចលើកុមារ ឲ្យធ្វើការច្រើនម៉ោង ដោយគ្មានការការពារ ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner