ហ្វីលីពីនចរចាពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុបឡើងវិញ ក្រោយជាប់គាំងកាលពីជំនាន់លោក ឌូតឺតេ
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយនៅថ្ងៃចន្ទនេះថា ហ្វីលីពីនគ្រោងនឹងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការជាមួយសហភាពអឺរ៉ុប នាពេលដ៏ខ្លី ឡើងវិញ។ ជាក្តីសង្ឃឹមថ្មីមួយក្រោយធ្លាប់ជាប់គាំងកាលពីជំនាន់គ្រប់គ្រងរបស់លោកអតីតប្រធានាធិបតី Duterte ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ AFP លោក Manalo បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម ជាមួយប្រទេសចិន ក៏ប៉ុន្តែ ចង់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយប្រទេសផ្សេងទៀត ដើម្បីសម្រេចបាននូវ «ភាពធន់» កាន់តែខ្លាំង។
គួរបញ្ជាក់ថា ហ្វីលីពីនធ្លាប់បានពិភាក្សាជាបឋម អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្លុកអឺរ៉ុប ដែលមាន ២៧ប្រទេស អស់រយៈពេលជាច្រើនខែ។ កិច្ចខិតខំប្រឹងប្រែងនេះ ធ្លាប់ជាប់គាំង កាលពីជំនាន់អតីតប្រធានាធិបតី Rodrigo Duterte ប្រមាណជិត១០ឆ្នាំមុន ពោលគឺចំពេលដែល អឺរ៉ុបព្រួយបារម្ភអំពីសង្គ្រាមគ្រឿងញៀនដ៏សាហាវ នៅពេលនោះ។ នាពេលនោះ ចំណាត់ការដោយប្រើកណ្តាប់ដៃដែកបង្រ្កាបគ្រឿងញៀន ដែលមានទាំងការបាញ់សម្លាប់ជនសង្ស័យភ្លាមៗ បង្កឲ្យមានការរិះគន់ធ្ងន់ធ្ងរ ពីអន្តរជាតិ រឿងរំលោភបំពានសិទ្ធិមនុស្ស និងបណ្តឹង ទៅកាន់តុលារឧក្រិដ្ឋអន្តរជាតិទៀតផង ជុំវិញការសម្លាប់នេះ។ របាយការណ៍បង្ហាញថា ជនសង្ស័យគ្រឿងញៀន ជិត៩ម៉ឺននាក់ត្រូវបានសម្លាប់ ចន្លោះពីឆ្នាំ២០១៦ ដល់ ២០១៧ ក្នុងការគ្រប់គ្រងរបស់លោក Duterte។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា EU និងហ្វីលីពីននឹងស្វែងរកការបង្កើតកិច្ចសហប្រតិបត្តិនៅក្នុងតំបន់នៃរ៉ែសំខាន់ៗ ដោយប្រើប្រាស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានស្រាប់ ប៉ុន្តែជាមួយនឹងសកម្មភាពកែច្នៃកាន់តែច្រើន ក្នុងប្រទេសហ្វីលីពីន។ យ៉ាងណាមិញ លោក Manalo មិនបានប្រាប់ពីពេលវេលាជាក់លាក់ ក្នុងការផ្តើមចរចាពាណិជ្ជកម្មសេរី អាមួយអឺរ៉ុប នៅឡើយទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត