អនុប្រធានាធិបតីអាមេរិកអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក្នុងថ្ងៃអាទិត្យ បានអំពាវនាវយ៉ាងទទូចឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦សប្តាហ៍ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែលលោកស្រីបានរិះគន់អ៊ីស្រាអែល ជុំវិញការរារាំងការផ្តល់ជំនួយចូលទៅកាន់តំបន់ហ្គាហ្សា។

នៅក្នុងសុន្ទរកថានៅឯទីក្រុង Selma រដ្ឋ Alabama លោកស្រី Harris ថ្លែងថា ដោយមើលឃើញពីទំហំដ៏ធំធេងនៃការរងទុក្ខវេទនានៅក្នុងតំបន់ហ្គាហ្សា ដូច្នេះត្រូវតែមានបទឈប់បាញ់ជាបន្ទាន់មួយ ក្នុងរយៈពេល៦សប្តាហ៍បន្ទាប់ ដែលនេះជាអ្វីកំពុងដាក់នៅលើតុចរចា។ លោកស្រី Harris បន្ថែមថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង និងការទទួលបានជំនួយយ៉ាងច្រើន ដោយលោកស្រីបានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកវា។

លើសពីនេះ លោកស្រី Harris ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចាត់វិធានការដើម្បីបង្កើនលំហូរជំនួយទៅកាន់តំបន់ហ្គាហ្សា និងថា អ៊ីស្រាអែលត្រូវតែបើកច្រកព្រំដែនថ្មី ហើយមិនត្រូវដាក់កំហិតដែលមិនចាំបាច់ណាមួយលើការផ្តល់ជំនួយឡើយ។

ការអត្ថាធិប្បាយរបស់លោកស្រី Harris នាពេលនេះ គឺជាការសង្កត់ន័យធ្ងន់មិនធ្លាប់មានទៅលើអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ជុំវិញការគាំទ្ររបស់គាត់ដល់អ៊ីស្រាអែល និងការកើនឡើងចំនួនជនស៊ីវិលបាត់បង់ជីវិតនៅតំបន់ហ្គាហ្សា។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អ៊ីស្រាអែលបានទទួលយកកិច្ចព្រមព្រៀងនេះហើយ ដែលនឹងមើលឃើញការបញ្ឈប់អរិភាពរយៈពេល៦សប្តាហ៍ ប្រសិនបើក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំងងាយរងគ្រោះបំផុត ដែលខ្លួនបានចាប់ជំរិត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner