ក្រុមបងធំនៅហៃទី ចូលហែកគុករំដោះអ្នកទោសរាប់ពាន់នាក់
ព័រអូប្រុំាំង៖ អ្នកយកព័ត៌មាន AFP និងអង្គការក្រៅរដ្ឋាភិបាល បានរាយការណ៍នៅថ្ងៃអាទិត្យថា មនុស្សជាច្រើនបានស្លាប់ នៅពេលដែលសមាជិកក្រុមបងធំប្រដាប់អាវុធ បានសម្រុកចូលពន្ធនាគារដ៏សំខាន់ក្នុងរដ្ឋធានី ព័រអូប្រុំាំង របស់ប្រទេសហៃទី ដែលធ្វើឱ្យអ្នកទោសរាប់ពាន់នាក់រួចខ្លួន។
លោក Pierre Esperance ដែលជានាយកប្រតិបត្តិបណ្តាញជាតិសម្រាប់ការការពារសិទ្ធិមនុស្សនិយាយថា យើងឃើញមានសាកសពអ្នកទោសជាច្រើន ហើយមានតែអ្នកទោសប្រហែល ១០០នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកទោសប្រហែល ៣,៨០០នាក់ ដែលមិនព្រមរត់គេចខ្លួនចេញពីពន្ធធនាគារ បន្ទាប់ពីការវាយលុករបស់ក្រុមបងធំប្រដាប់អាវុធកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

ហេតុការណ៍នេះបង្ហាញថា អំពើហិង្សានៅប្រទេសហៃទីកំពុងតែពុះកញ្ជ្រោលខ្លាំង ខណៈដែលក្រុមបងធំដែលមានបំណងទម្លាក់លោកនាយករដ្ឋមន្ត្រី លោក Ariel Henry ពីតំណែង បានបង្កការបំផ្លិចបំផ្លាញនៅរដ្ឋធានី ព័រអូប្រុំាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ ជាក់ស្តែង ក្រុមបងធំបានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង នៅពេលលោក Ariel Henry កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីស្នើសុំជំនួយកងសន្តិសុខពីអង្គការសហប្រជាជាតិ យកទៅចាត់ការក្រុមបងធំ។

អំពើហិង្សាហាក់កើនឡើងហួសពីការគ្រប់គ្រង ចាប់តាំងពីប្រធានាធិបតីហៃទី លោក Moise ត្រូវគេធ្វើឃាត ហើយមកទល់ពេលនេះ ប្រទេសហៃទីមិនទាន់រកអ្នកជំនួសតំណែងគាត់បានឡើយ រីឯការបោះឆ្នោតក៏មិនបានធ្វើឡើងដែរតាំងពីឆ្នាំ២០១៦មក។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រមាណជាង ៨.៤០០នាក់ បានក្លាយជាជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមបងធំកាលពីឆ្នាំមុន ក្នុងនោះរួមមានការកាប់សម្លាប់ និងការចាប់ពង្រត់ជាដើម ពោលគឺច្រើនជាងឆ្នាំ២០២២ ដល់ទៅទ្វេដង៕



ប្រភព៖ AFP និង BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា