សម្តេចក្រឡាហោម ស ខេង៖យើងរួមគ្នាប្រឆាំងការធ្វើ អាជីវកម្ម លើសាសនា

កំពង់ស្ពឺ៖ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លង សមិទ្ធផលនានានៅវត្តមុនីរង្សីរតនារាម ហៅ វត្តម្រុំជើង ស្ថិត ក្នុង សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃចន្ទទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហា ក្សត្របានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា និងត្រូវបន្តពង្រឹង ពង្រីកការអប់រំ ផ្នែក សាសនា។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា បញ្ជាក់ អំពីការគោរពលើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសជំនឿ សាសនា ។ដោយឡែក ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយក៏ជាសាសនា ដែលប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសគោរព ប្រតិបត្តិគ្រប់ៗគ្នា។ ទន្ទឹមនេះ ក៏មាន ការគោរពដល់សាសនាដទៃដូចគ្នា។ ចំណុចនេះសម្តេចក្រឡា ហោម បានស្នើឱ្យមានការ គោរពគ្នាទៅវិញទៅមក ទើបនាំឱ្យសង្គម កម្ពុជា មានភាពសុខដុមរមនាជាមួយគ្នា។

ជាមួយនោះសម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ អ្នកដែល គោរពដល់ជំនឿសាសនាទាំងអស់ សូមចូលរួមប្រឆាំងការ ធ្វើ អាជីវកម្ម លើសាសនា ការរើសអើង និងការបែងចែកដែលនាំ ឱ្យមានការបែក បាក់និងខ្វះសាមគ្គីភាព និងជួយប្រែក្លាយសាសនា ឱ្យទៅជា កម្លាំង សាមគ្គីតែមួយ។បន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ រវាង ព្រះសង្ឃ និង ពុទ្ធបរិស័ទ។ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ ដោយចេះ ស្រឡាញ់ គោរពរាប់អានគ្នាទៅវិញទៅមក ដោយប្រកាន់ខ្ជាប់ នូវព្រហ្មវិហារធម៌ទាំង៤ និងត្រូវប្រកាន់ ខ្ជាប់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ដើម្បីធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយបានគោរពនិងរៀន សូត្រតាម។បន្តពង្រឹងនិង ពង្រីកការអប់រំផ្នែកសាសនា ព្រមទាំងធ្វើការ បណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំង បណ្តុះបណ្តាល ធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ វិន័យឱ្យបានខ្ជាប់ខ្ជួន។នេះជាអ្វីដែលសម្ដេចក្រឡា ហោម ដាស់តឿន៕


អត្ថបទនិងរូបភាព៖ម៉ុន សំអាត

ads banner