លោក Trump ចាញ់ការបោះឆ្នោតបឋម លើកដំបូង
ជាលើកដំបូងបំផុត លោក Trump បានចាញ់ឆ្នោតលោកស្រី Nikki Haley ក្នុងការបោះឆ្នោតបឋមប្រជែងក្នុងបក្សសាធារណរដ្ឋនៅក្រុង Washington DC កាលពីថ្ងៃអាទិត្យ។
ការបោះឆ្នោតបឋមសំដៅលើការបោះឆ្នោតរកសម្លេងគាំទ្រក្នុងបក្សនៅតាមរដ្ឋ និងតំបន់សំខាន់ៗ ដើម្បីសម្រេចចុងក្រោយថា បេក្ខភាពផ្លូវការណាម្នាក់ ត្រូវទៅប្រជែងតំណែងប្រធានាធិបតីអាមេរិក អំឡុងការបោះឆ្នោត នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។
កន្លងមក នៅតាមរដ្ឋនិងតំបន់មួយចំនួន លោកត្រាំ បានឈ្នះរហូត។ ប៉ុន្តែ សម្រាប់នៅ ក្រុង Washington DC លើកនេះ លោកស្រី Nikki Haley បានឈ្នះវិញម្តង។
លោកស្រី Haley បានទទួលបានសំឡេងគាំទ្រចំនួន ៦៣ ភាគរយនៅក្នុងការបោះឆ្នោតបឋមនេះ។ លោកស្រី Haley ធ្លាប់ធ្វើជាអភិបាលរដ្ឋ South Carolina និងអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិ។
ជ័យជម្នះរបស់លោកស្រី Haley នៅក្នុងរដ្ឋធានី Washington នេះ បានកើតឡើងនៅមុនថ្ងៃសម្រេចចិត្តដ៏សំខាន់មួយ នៅក្នុងដំណើរការជ្រើសរើសបេក្ខជន មកពីបក្សសាធារណរដ្ឋ នាថ្ងៃអង្គារ ស្អែកនេះ ដែលគេហៅថា «Super Tuesday» ដែលនឹងមានការបោះឆ្នោតក្នុងរដ្ឋចំនួន១៥ និងតំបន់មួយផ្សេងទៀត។
រីឯសម្រាប់ការបោះឆ្នោតបឋម នៅ Washington ខាងគណបក្សប្រជាធិបតេយ្យវិញ លោក ចូ បៃឌិន ឈ្នះ ៩២ភាគរយ។ ក្រុងមួយនេះ ត្រូវបានគេដឹងថា មិនសូវមានសម្លេងឆ្នោតភាគច្រើន សម្រាប់បក្ខជនប្រធានាធិបតី មកពីបក្សសាធារណរដ្ឋនោះទេ កន្លងមក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត