សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ ដោយនាំមកនូវលទ្ធផលជាប្រយោជន៍ច្រើនសម្រាប់ជាតិ និងប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុខសុវត្ថិភាពហើយ នៅម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើដំណើរលើយន្តហោះរយៈពេលប្រមាណជា ១០ម៉ោង ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី ។
សូមជម្រាបថា កិច្ចប្រជុំកំពូលពិសេស បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ។
អូស្ត្រាលី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអូស្រ្តាលី និងអាស៊ាន បានបង្ហាញផែនការបង្កើនសន្ទុះវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្នុងទំហំទឹកប្រាក់ ១.៣ពាន់លានដុល្លារ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់នេះ។ មូលនិធិនេះ នឹងផ្តោតសំខាន់ទៅលើថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្តល់ប្រាក់កម្ចី ការធានា សមធម៌ និងការធានារ៉ាប់រង។ អូស្ត្រាលី ក៏នឹងផ្តល់ជំនួយបន្ថែមចំនួន ១៤០លានដុល្លារអូស្ត្រាលី ឬប្រហែល៩១លានដុល្លារផងដែរ ដើម្បីពង្រីកកម្មវិធីដែលមានស្រាប់ ដោយផ្តល់នូវការនែនាំដល់តំបន់នេះ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានប្រកាសអំពីមូលនិធិដែលត្រូវបានណែនាំកាលពីឆ្នាំមុន ដោយបេសកជនអូស្ត្រាលីប្រចាំតំបន់ នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំធុរកិច្ចនៅឯកិច្ចប្រជុំកំពូលអូស្រ្តាលី-អាស៊ាននៅទីក្រុងមែលប៊ន។ លោក Albanese ថា ពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងរដ្ឋអាស៊ាន បានឡើងដល់ ១៧៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ធំជាងប្រទេសជប៉ុន ឬសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ដែរថា ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏បានអញ្ជើញមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត ។
ក្រៅពីនេះ សម្ដេចធិបតី ក៏មានជំនួបជាមួយបណ្ដាក្រុមហ៊ុនរបស់អូស្ត្រាលីជាច្រើនផងដែរ ដោយវិនិយោគិននៃក្រុមហ៊ុនទាំងនោះ ក៏បានបង្ហាញពីគម្រោងពង្រីក និងបណ្ដាក់ទុនវិនិយោគថ្មីនៅកម្ពុជា ។
នៅក្នុងជំនួបជាមួយនឹងក្រុមហ៊ុនរបស់អូស្ត្រាលីក្នុងដំណើរបេសកកម្មរបស់សម្ដេចធិបតី សម្ដេចបានស្វាគមន៍រាល់បំណងពង្រីក និងបណ្ដាក់ទុនវិនិយោគថ្មីនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដោយសម្ដេចបានលើកឡើងពីសក្ដានុពលវិនិយោគរបស់កម្ពុជា ដល់បណ្ដាក្រុមហ៊ុនទាំងនោះ ហើយសម្ដេចក៏បានបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចហើយ ក្នុងការស្វាគមន៍វិនិយោគិនមកពីគ្រប់ទិសទី ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ





