មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ វឌ្ឍនភាពនៃវិស័យអប់រំឥស្លាម ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ វឌ្ឍនភាពនៃវិស័យអប់រំឥស្លាម ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារអប់រំឥស្លាម ឆ្នាំ២០១៥-២០២៣ និងលើកទិសដៅការងារបន្ត នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអង្គមហាសន្និបាត ដែលមិនត្រឹមតែអាចពិនិត្យលទ្ធផលសម្រេចបានលើការងារអប់រំឥស្លាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់អប់រំកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំឥស្លាមកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក និងជាពិសេសក្នុងខណៈ ដែលកម្ពុជាកំពុងរក្សាបាន នូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ព្រមទាំងធានាបាននូវភាពសុខដុម និង ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមក៏សូមវាយតម្លៃខ្ពស់ ចំពោះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សមាគមគ្រូបង្រៀនខ្មែរឥស្លាម ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា បច្ចេកទេស លើការជួយរៀបចំផែនការសកម្មភាព និងការជួយជ្រោមជ្រែងក្នុងការអនុវត្តន៍ សកម្មភាពការងារក្នុងវិស័យអប់រំឥស្លាមនាពេលកន្លងមក។ វឌ្ឍនភាពនៃវិស័យអប់រំឥស្លាមនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ។

ឯកឧត្តម បានរំលឹកថា ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សហគមន៍ឥស្លាម នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី ដោយមើលឃើញពីការលំបាក និងតម្រូវការចាំបាច់របស់សហគមន៍ឥស្លាមកម្ពុជា សម្តេចតេជោ បានសម្រេចផ្តល់ជូនដល់សហគមន៍ឥស្លាមនូវគ្រូបង្រៀនខ្មែរឥស្លាមចំនួន ១,៥០០នាក់ ចូលក្របខណ្ឌរដ្ឋ នៃក្រសួងអប់រំ យុវជន និងកីឡា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner