ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នៅពីក្រោយភាពជោគជ័យរបស់បុរស គឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ

ភ្នំពេញ៖ នៅពីក្រោយភាពជោគជ័យរបស់បុរសគឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ គឺដើរទន្ទឹមគ្នារវាងបុរស និងស្ត្រីមិនអាចខ្វះនរណាម្នាក់បានឡើយ ។ នេះជាការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ដោយមានការចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ, លោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិជានារីជាច្រើនរូបទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញការកត់សម្គាល់និងគាំទ្រពេញទំហឹងចំពោះបេសកកម្ម និងការផ្ដល់ទស្សនាទានដ៏ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងគោលដៅបង្កើនភាពអង់អាច និងលើកតម្កើងគុណតម្លៃរបស់ក្មេងស្រី និងស្ត្រីនៅប្រទេសកម្ពុជា និងនៅទូទាំងសាកលលោក ។

ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹង និងបទពិសោធជីវិតការងារដែលបានបង្ហាញពីថាមពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិតវិជ្ជាប្រកបដោយពុទ្ធិ និងភាពជាម្ចាស់ការលើខ្លួនឯង ក្នុងការអនុវត្តជីវភាពប្រចាំថ្ងៃ ការសិក្សាការប្រកបការងារផ្សេងៗរបស់ស្ត្រី និងក្មេងស្រី ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានចាត់ទុកបេសកកម្មរបស់លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ថាជាត្រីវិស័យចង្អុលទិសនៅក្នុងការរៀបចំគោលដៅជីវិតក្មេងស្រី នាពេលអនាគត រួមមាន. ត្រូវមានការសិក្សា ដើម្បីជាធនធានសម្រាប់ជាតិ. ត្រូវមានសុខភាពល្អ ល្អទាំងផ្លូវកាយ និងផ្លូវចិត្ត. ត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ រួមទាំងមេត្តាធម៌ និង. ត្រូវមានការតបស្នងទៅសង្គម ដោយចូលរួមបម្រើសង្គម យើងទទួលបានពីសង្គម យើងក៏តបស្នងទៅសង្គមវិញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានទាញចំណាប់រម្មណ៍អង្គពិធី អំពីទស្សនាទានដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកឡើងថា«នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង និងម្តាយល្អ នោះស្វាមី និងឪពុក ក៏ពិបាកនឹងមាន ឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»។

ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះប្រសាសន៍របស់លោកជំទាវ កែ សួនសុភី ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ នៃមណ្ឌលអប់រំកែប្រែទី២ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា នៅពីក្រោយភាពជោគជ័យរបស់បុរសគឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ គឺដើរទន្ទឹមគ្នារវាងបុរស និងស្ត្រីមិនអាចខ្វះនរណាម្នាក់បាន ។

សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានយកចិត្តទុកដាក់និងលើកកម្ពស់សិទ្ធិជូនស្ត្រី ដោយបានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់ វិស័យ គឺជាអាទិភាពតាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល» ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner