ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បន្តការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានចូលរួមក្នុងព្រឹត្តិការសង្គមជាតិសំខាន់ៗ រួមមាន ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចូលរួមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្សព្វផ្សាយយុទ្ធនាការ Beyond The Game ចូលរួមបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ការងារសង្គមកិច្ច និងការកៀរគរយុវជនធ្វើកម្មភាពនិងចូលជាសមាជិក ស.ស.យ.ក. ជាដើម ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៅសណ្ឋាគារ សុខាភ្នំពេញ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រព្រឹត្តិដោយមានការធ្វើបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ ដោយ ឯកឧត្តមសាស្ត្រាចារ្យ ឯក មនោសែន អនុប្រធាន ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ។
ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី ធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤ ដើម្បីជាធាតុចូលសម្រាប់ធ្វើផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តប
រួមមាន ទី១-តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា ដោយឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ។
ទី២-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដោយឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ។
ទី៣-យុវជននិងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល ដោយឯកឧត្តម ហោ ប៉េង ។
ទី៤-យុវជននិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន ដោយឯកឧត្តម លី ណាវុឌ្ឍ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ខ្លឹមសារ នៃបទបង្ហាញលើប្រធានបទទាំង៤ បានផ្តល់សារៈសំខាន់ទស្សនៈ និងគំនិតជាមូលដ្ឋានដ៏មានប្រយោជន៍ដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា ក្នុងការអនុវត្តផែនការសកម្មភាព និងកម្មវិធីការងាររបស់ខ្លួន ក្នុងឆ្នាំ២០២៤នេះ ឱ្យបានសម្រេចជោគជ័យបន្ថែមទៀត ជាពិសេសបានផ្ដល់គុណតម្លៃខ្ពស់ចំពោះសុខសន្តិភាព និងតម្រូវការចាំបាច់របស់យុវជនក្នុងយុគសម័យឌីជីថល ៕
អត្ថបទ ៖ លោក ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត





